រថយន្តដឹកទឹកកកបើកវ៉ាជែងស្តាំ ជ្រុលទៅបុកម៉ូតូសេ១២៥ ស្លាប់ម្នាក់នៅផ្លូវជាតិលេខ៤

​ភ្នំពេញ ៖ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរជាមួយប្តីនិងកូន ស្រាប់តែមានរថយន្តកូរ៉េឃ្លប់ ដឹកទឹកកកមួយគ្រឿង បើកវ៉ាជែងពីខាងស្តាំរថយន្តខាងមុខ ហើយជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះពីក្រោយ ដួលធ្លាក់ហើយកិនបន្ថែម បណ្តាលឱ្យស្លាប់ភ្លាមមួយពព្រិចភ្នែក ចំណែកប្តីនិងកូនប្រុសអាយុ៣ខួបរងរបួសស្រាល​។

​គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ​។

​សមត្ថកិច្ចនិយាយថា​ ស្រ្តីរងគ្រោះស្លាប់នៅកន្លែង មានឈ្មោះ សុខា ស៊ីណា អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូន២នាក់ប្រុស១ ស្រី១ មានប្តីឈ្មោះ លន់ សុភ័ក្រ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល​។

​តាមសម្តីជនរងគ្រោះជាប្តី បានឱ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-2548 ឌុបប្រពន្ធពីក្រោយ ហើយអង្គុយឱបកូនប្រុសម្នាក់ផង ក្នុងគោលបំណងឆ្ពោះទៅរោងចក្រ ដោយធ្វើដំណើរ ឆ្លងផ្លូវជាតិលេខ៤ពីត្បូងទៅជើងផុតហើយ ជិះសរសៀរផ្លូវជាតិលេខ៤ ពីកើតទៅលិច ហើយមានអមដោយកង់កូនស្រីម្នាក់ទៀតជិះពីខាងស្តាំម៉ូតូផង​។

​បានបន្តិចស្រាប់តែរថយន្តបង្ក កូរ៉េឃ្លប់ ពណ៌ស ចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6120 បើកពីកើតទៅលិច វ៉ាជែងរថយន្តខាងមុខពីខាងស្តាំដៃ ជ្រុលមកបុកម៉ូតូពីក្រោយតែម្តង បណ្តាលឱ្យដួលធ្លាក់ប្រពន្ធ រថយន្តបង្កកិនបន្ថែមស្លាប់ភ្លាមៗ នៅកន្លែង​។

​តាមពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុគេឃើញ ជនរងគ្រោះឌុបប្រពន្ធនិងឱបកូនប្រុស និងកង់ជិះដោយកូនស្រី ទន្ទឹមគ្នាធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ឃ្លប់ដឹកទឹកកក បើកល្បឿនលឿនវ៉ាជែងស្តាំ រថយន្តខាងមុខ ហើយជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយ ដួលធ្លាក់ ប្រពន្ធ រថយន្តកិនបន្ថែម បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែក ប្តី កូនប្រុស ស្រី រងរបួសស្រាល​។ 

​ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក បើកទ្វារចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ​។

​បន្ទាប់មកកើតហេតុ សមត្ថកិច្ច ទាំងប៉ុស្តិ៍ ទាំងប៉ូលិសខណ្ឌចុះទៅសម្រួលចរាចរណ៍ ខណៈដែលស្ថានភាពផ្លូវចំណុចខាងលើ កកស្ទះចរាចរណ៍​។ 

​សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត​។ រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសំណុំរឿង តាមនីតិវិធី​៕

adverise with khmeread