adverise with khmeread Coffee alcohol

អ្នក​ដែល​និយម​ស្រា​បៀរ ហើយ​ខ្លាច​កើត​ជំងឺ​ក្រិន​ថ្លើម ច្បាស់​ជា​ចង់ដឹង​អត្ថប្រយោជន៍​ភេសជ្ជៈ​មួយ​នេះ​!

    ​ការ​ទទួលទាន​កាហ្វេ​មាន​អត្ថប្រយោជន៍​សុខភាព​ច្រើន​រាប់មិនអស់ ក្នុងនោះ​រាប់ទាំង​ការជំរុញ​ថាមពល និង​ជំនួយ​ដល់​ការហាត់​ប្រាណ​ទៀតផង​។ ឥឡូវ ក្រុម​ស្រាវជ្រាវ​មួយ​មកពី​សាកលវិទ្យាល័យ Southampton University ក្នុង​ចក្រភព​អង់គ្លេស​បានលើកឡើង​ថា កាហ្វេ​ថែមទាំង​អាច​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅរក​ការ​ខូច​ថ្លើម​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ទៀតផង​។ លើសពីនេះទៅទៀត លទ្ធផល​របស់​ពួកគេ ដែល​ចេញផ្សាយ​លើ​ព្រឹត្តិប័ត្រ​ព័ត៌មាន Alimentary Pharmacology and Therapeutics បាន​លាតត្រដាង​ពី​បរិមាណ​ជាក់លាក់​របស់​កាហ្វេ ដែល​ចាំបាច់​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ការពារ​របស់​វា​។

​    ​ប្រធាន​អ្នកនិពន្ធ​ការសិក្សា លោក​វេជ្ជបណ្ឌិត Oliver Kennedy អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Southampton University បាន​និយាយថា "​ជំងឺ​ក្រិន​ថ្លើម​អាច​បណ្តាល​ឱ្យស្លាប់ និង គ្មាន​វិធី​ព្យាបាល​នៅឡើយ​ទេ​។ វា​ជាការ​សំខាន់​ដែល​ត្រូវ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅរក​ជំងឺ​ក្រិន​ថ្លើម​ឱ្យបាន​ជាមុន​តាមរយៈ​ការ​ទទួលទាន​កាហ្វេ ដែលមាន​តម្លៃថោក​អាច​រកបាន​គ្រប់​ទីកន្លែង​។ កាហ្វេ​សម្បូរ​ទៅដោយ​សារធាតុ​គីមី​រាប់រយ ដែល​អាច​ការពារ​ថ្លើម​បាន​"​។

​    ​លោក Kennedy និង​ក្រុម​ស្រាវជ្រាវ​របស់លោក​បាន​វិភាគ​ទិន្នន័យ​បានមកពី​ការសិក្សា​ខុសៗ​គ្នា​ជាច្រើន​ស្តីពី​ឥទ្ធិពល​របស់​កាហ្វេ​មក​លើ​ការ​ទទួលទាន​ជាតិ​ស្រវឹង ដែលមាន​អ្នកចូលរួម​ក្នុងការ​ស្រាវជ្រាវ​រហូត​ដល់​ទៅ​ជាង ៤៣០.០០០ នាក់​។ ក្នុងចំណោម​អ្នកចូលរួម​ទាំងអស់នោះ មាន ១.៩០០ នាក់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​ក្រិន​ថ្លើម​។ ក្នុងការ​សិក្សា​ចំនួន ៨ ក្នុងចំណោម ៩  ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ការបង្កើន​ការ​ទទួលទាន​កាហ្វេ​រៀងរាល់ថ្ងៃ​ជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅរក​ជំងឺ​ក្រិន​ថ្លើម​។ ផឹក ១ ពែង​ក្នុង​មួយថ្ងៃ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅរក​ជំងឺ​ក្រិន​ថ្លើម​បាន ២២ ភាគរយ​, ២ ពែង​កាត់បន្ថយ​បាន ៤៣ ភាគរយ​, ៣ ពែង​កាត់បន្ថយ​បាន ៥៧ ភាគរយ និង​អត្ថប្រយោជន៍​អតិបរមា​ពី​ការផឹក​កាហ្វេ ៤ ពែង​ក្នុង​មួយថ្ងៃ​គឺ កាត់បន្ថយ​ហានិភ័យ​បាន ៦៥ ភាគរយ​។

​    ​ខណៈដែល​អ្នកចូលរួម​ដែល​ផឹក​កាហ្វេ​ត្រង (​ឆុង​ដោយ​ខ្លួនឯង​) ហាក់​ទទួលបាន​លទ្ធផល​ប្រសើរ​ជាង​អ្នក​ដែល​ផឹក​កាហ្វេ​កញ្ចប់​ឆុង​ក្តៅៗ គេ​នៅ​មិនទាន់​ច្បាស់​ថា​តើ​មាន​ភាពខុសគ្នា​រវាង​ប្រភេទ​កាហ្វេ​ដែល​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ដែរ​ឬក៏​អត់​នោះឡើយ​។ ទោះយ៉ាងណា ជាតិគីមី​ធម្មជាតិ​របស់​កាហ្វេ​ត្រូវបាន​ចាត់ទុកថា​ជា​អ្នកការពារ​ថ្លើម​ដ៏​អស្ចារ្យ​រួចទៅហើយ​ពី​សំណាក់​ក្រុម​អ្នកស្រាវជ្រាវ​អង់គ្លេស​។

​    ​សរុបមក ដើម្បី​ការពារ​ថ្លើម​ឱ្យមាន​សុខភាព​ល្អ និង​បង្ការ​កុំឱ្យ​កើត​ជំងឺ​ក្រិន​ថ្លើម​អ្នក​គួរ​ពិសា​កាហ្វេ​ឱ្យបាន ៤ ពែង​ក្នុង​មួយថ្ងៃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់