ដំរីថៃយកប្រមោយវ័ធអ្នកទេសចរដួលទៅដីខ្ពោក គ្រាន់តែព្យាយាមយកដៃស្ទាបវា

នេះគឺជាទិដ្ឋភាពដែលអ្នកទេសចរមួយរូបក្នុងប្រទេសថៃទទួលបានភាពភ្ញាក់ផ្អើលខ្លាំង ពេលដែលគាត់លូកដៃទៅស្ទាបដំរីមួយក្បាល ហើយវាបានវ័ធមួយប្រមោយដួលផ្ទប់ទៅនឹងដី។

ក្នុងវីដេអូ គេឃើញលោក Cody Stiner ផ្តល់ស្លឹកឈើជាចំណីដល់ដំរី និងកំពុងព្យាយាមអង្អែលវាលេង។ ភ្លាមៗដំរីបានងាកមកវ័ធគាត់មួយប្រមោយផ្ងាកមកក្រោយ ដួលទៅលើដី។

បុរសរូបនេះបានធ្លាក់ទៅលើគំនរធាងដូង ប៉ុន្តែយ៉ាងណាក្តីគាត់ទំនងហាក់ដូចជាមិនរងរបួសធ្ងន់ធ្ងរអ្វីឡើយ។

លោក Stiner ភ័យខ្លាចថាដំរីមួយក្បាលនេះនឹងជាន់ពីលើគាត់ ហើយគាត់បានប្រញាប់ប្រញាល់ងើបមកវិញ និងចាកចេញ បន្ទាប់ពីការប៉ះទង្គិចដ៏គួរឱ្យតក់ស្លុតមួយនេះ។

ថ្វីបើពួកវាមានមាឌធំយ៉ាងណាក្តី ដំរីត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាសត្វព្រៃយក្សដែលមានចរិករាបសារបំផុត។ ប៉ុន្តែប្រសិនបើការជ្រួលច្រាលអារម្មណ៍កើតមានឡើង ពួកវាអាចជាសត្វដ៏កាចសាហាវ និងជាម្តងម្កាលពួកវានឹងបង្ហាញពីកំហឹងដ៏គួរឱ្យខ្លាចរបស់ពួកវា។

យោងតាមឯកសារ "កំហឹងរបស់ដំរី" របស់ប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel បានឱ្យដឹងថា មនុស្សប្រមាណជា ៥០០នាក់ត្រូវបានសម្លាប់ ដោយដំរីវាយប្រហារជារៀងរាល់ឆ្នាំ៕


 

adverise with khmeread