OPPO R15 Pro ម៉ូដែលថ្មីសាមញ្ញតែឥតខ្ចោះ

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា រាល់​ម៉ូដែល​របស់ OPPO ​ដែល​បាន​ចេញ​លក់​លើ​ទី​ផ្សារ តែង​តែ​មាន​ភាព​លេច​ធ្លោ និង​ភាព​ទាក់ទាញ​ផ្សេងៗ​គ្នា។ សម្រាប់​ម៉ូដែល OPPO R15 នេះ​វិញ ក៏​មាន​លក្ខណៈ​ពិសេស និង​រូប​រាង​ មិន​ចាញ់​ម៉ូដែល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ដទៃ​ទៀត​ដែរ ទំនើប​ទាំង​បច្ចេកវិទ្យា និង​ការ​រចនា​រូប​រាង​បែប​សាមញ្ញ តែ​បង្កប់​ភាព​ឥតខ្ចោះ អាច​និយាយ​បាន​ថា​នេះ​ជា​ម៉ូដែល​ទី​មួយ​ដែល​ OPPO ផ្ដោត​ទៅ​លើ​ចំណុច Clean Design។

R15 Nebula Special Edition រចនា​លាយឡំ​ពណ៌​បី​ក្នុង​សំបក​តែ​មួយ​មាន​ពណ៌​ស៊ីជម្ពូ, ស្វាយ និង​ខៀវ គែម​ព័ទ្ធ​ជុំវិញ​ដោយ​អាលុយមីញ៉ូម ចំណែក​ឯ​ផ្នែក​ខាង​មុខ​វិញ​ពោរពេញ​ដោយ​កញ្ចក់។ ការ​រចនា​រូបរាង​​សាមញ្ញ​ប្រកប​ដោយ​ភាព​ឥតខ្ចោះ​លើ​ម៉ូដែល​មួយ​នេះ ជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន OPPO និងលោក Karim Rashid អ្នក​ឌីហ្សាញ​ដ៏​ល្បី​បំផុត​មួយ​រូប​ក្នុង​ប្រទេស​អាមេរិក ដែល​អតិថិជន​នឹង​បាន​ឃើញ​រូប​សញ្ញា​ហត្ថលេខា​នៅ​ផ្នែក​ខ្នង​ក្រោយ​ម៉ាស៊ីន តែម៉ូដែលមួយនេះ មិនមានលក់នៅក្នុងប្រទេសកម្ពុជានោះទេ។

​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ចូល​ចិត្ត​មើល​វីដេអូ និង​លេង​ហ្គេម​ច្រើន គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង ព្រោះ​ OPPO R15 Pro ​នេះ​មាន​អេក្រង់: Super-V Display ទំហំ ៦,២៨ អ៊ីញ កម្រិត ២ ២៨០ x ១ ០៨០ ភីកសែល (មាត្រដ្ឋាន ១៩:៩)។ បន្ថែម​ពី​នេះ​មួយ​កម្រិត​ថែម​ទៀត ការ​លេង​ហ្គេម​ និង​ដំណើរ​ការ​កម្មវិធី​ផ្សេងៗក្នុង​ទូរស័ព្ទរបស់​អ្នក​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ដោយ​សារ​ OPPO R15 Pro ភ្ជាប់​ជាមួយ​បន្ទះ​ឈីប: Qualcomm Snapdragon 660 ជាមួយ​នឹង​ RAM: 6GB។

ការ​រក្សារ​ទិន្នន័យ​ក៏​មិន​បាច់​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ពី​ទំហំ Space ទៀត​ដែរ ដោយសារ​តែ​ទូរស័ព្ទ​ត្រកូល R ដ៏​ពិសេស​មួយ​នេះ​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ  128GB ហើយ​អាច​បន្ថែម​បាន​ដល់​ទៅ 256 GB ឯណោះ។

អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​ថា OPPO ជា​ក្រុម​ហ៊ុន​ដែល​ផលិត​ទូរស័ព្ទ​មាន​កាមេរ៉ា​មុខ​ធំៗ។ OPPO R15 Pro មាន​កាមេរ៉ា​មុខ​ទំហំ​ដល់​ទៅ 20MP គាំទ្រ​មុខងារ Facial Unlock និង​បច្ចេកវិទ្យា AI ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ទូរសព្ទ​អ្នក​ក្នុង​ការ Unlock ទូរស័ព្ទ។

ចំណែក​ឯ​កាមេរ៉ា​ក្រោយ​វិញ​មានទំហំ​ដល់​ទៅ 20MP ឯណោះ ដោយ​លើក​នេះ OPPO R15 Pro ដាក់​កាមេរ៉ា​ក្រោយភ្លោះ​ពីរ​គ្រាប់ 20+16MP ផ្ដល់​សមត្ថភាព​ថត​រូប ដែល​អាច​និយាយ​បាន​ថា​ស្ទើរ​តែ​មិន​ចាំ​បាច់​យក​កាមេរ៉ា Professional ដាក់​តាម​ខ្លួន​ឡើយ ព្រោះ​កម្រិត​នៃ​ការ​ចាប់​យក​រូបភាព​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន។

បញ្ហា​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​ទូរសព្ទ​បច្ចុប្បន្ន​នេះ​មាន​ការ​ព្រួយ​បារម្ភ​នោះ ទូរសព្ទ​ឆាប់​អស់​ថ្ម តែ​បញ្ហា​នេះ​នឹង​លែង​កើត​មាន​ទៀត​ហើយ ដោយ​សារ​តែ​  OPPO R15 Pro មាន​ថាមពល​ថ្ម ៣ ៤៣០mAh អម​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស VOOC ដោយ​អាច​សាក​បាន ១០០ ភាគ​រយ​ ប្រើ​ពេល​ត្រឹម​តែ ៦០ នាទី​តែ​ប៉ុណ្ណោះ។

OPPO R15 Pro រូបរាង​សាមញ្ញ​ផ្ដល់​ភាព​ឥតខ្ចោះ​មួយ​នេះ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ: Android 8.1 Oreo ស្រោប​ផ្ទៃ​កម្មវិធីដោយ ColorOS 5.0 ដែល​រាល់​ពេល​ដែល​អ្នក​បើក​ទូរសព្ទ​ម្ដងៗ ផ្ដល់​ភាព​ទាក់ទាញ​មួយ​នឹក​ស្មាន​មិន​ដល់។ ប្រិយមិត្ត​ទាំងអស់​អាច​រក ​OPPO R15 Pro តាម​បណ្ដា​ហាង​នានា​ក្នុង​ក្រុង​ភ្នំពេញ៕

 

adverise with khmeread
PR