Lucas Torreira នឹងសម្រេចពីអនាគតឆាប់ៗនេះ បន្ទាប់ពីក្រុមអ៊ុយរូហ្គាយខ្ទាតចេញពីវើលខាប់

កីឡាករ Lucas Torreira បាន​បញ្ជាក់​ថា អនាគត​របស់​ខ្លួន​នឹង​ត្រូវ​ដោះ​ស្រាយ​ឆាប់​ៗនេះ បន្ទាប់ពី​ក្រុម​អ៊ុយរូហ្គាយ​ត្រូវ​ខ្ទាតចេញពី​ព្រឹត្តិ​ការណ៍​វើលខាប់​ដោយ​សារក្រុមបារាំង​កាល​ពីយប់ថ្ងៃសុក្រ។

ខ្សែបម្រើ​រូបនេះសារភាពថា ខ្លួន​បាន​ពន្យារ​សំណើ​ផ្ទេរ​មក​កាន់​ក្លឹប Arsenal ដើម្បី​ផ្តោត​លើ​ការ​ងារ​ប្រកួតនៅ​ប្រទេសរុស្ស៊ី។

ប៉ុន្តែ​ដោយ​ក្រុម​អ៊ុយរូហ្គាយ​វិលត្រឡប់​មក​ផ្ទះវិញ កីឡាករ​របស់​ក្លឹប Sampdoria រូបនេះ​ប្រាកដជា​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​២៥លានផោន​មក​កាន់​ពហុកីឡាដ្ឋាន Emirates ។

សួរថា តើ​សម្រេចពន្យារផ្ទេរមក​ក្លឹប​កាំភ្លើងធំ​ឬយ៉ាងណា Lucas​ បាន​ឆ្លើយ​តបថា “​ប្រាកដណាស់ យើង​មាន​កិច្ច​ការផ្សេង​ពីនេះ ប៉ុន្តែ​ខ្ញុំមិន​ចង់គិត​ពី​រឿង​ផ្សេងទេ​”។

Lucas បន្ត​ថា “​វើលខាប់សំខាន់​ ហើយ​វត្តមាន​ក្នុងក្រុមជម្រើស​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់ខ្ញុំ ប៉ុន្តែនៅពេល​នេះ ខ្ញុំ​មាន​ពេលវេលាច្រើន​ ហើយអនាគត​របស់​ខ្ញុំនឹង​ច្បាស់​ជាងមុន”។

ក្រុម​អ៊ុយរូហ្គាយ​ចាញ់​ក្រុម​បារាំង​២-០ នៅ​វគ្គ​៨ក្រុម​ចុងក្រោយ​ ប៉ុន្តែ Lucasមាន​មោទនភាពចំពោះ​កិច្ច​ប្រឹងប្រែង​របស់ប្រទេសខ្លួន៕

adverise with khmeread