Neymar: បរាជ័យនៅវគ្គ៨ក្រុមចុងក្រោយនៅវើលខាប់គឺជារឿងសោកសៅបំផុតក្នុងអាជីព

មិន​ដល់​មួយថ្ងៃផងបន្ទាប់ពី​ក្រុម​ប្រេស៊ីល​ត្រូវ​ក្រុម​បែល​ហ្ស៊ិក​ទម្លាក់ចេញ​ពី​ព្រឹត្តិការណ៍​វើលខាប់ ខ្សែប្រយុទ្ធ​ប្រេស៊ីល Neymar បាន​និយាយថា ខ្លួន​មាន​អារម្មណ៍​មិនស្រួល​ចិត្តទេនៅពេល​ត្រឡប់​ទៅ​ក្លឹប​បាល់ទាត់​វិញ។

 

កីឡាករ​របស់​ក្លឹបយក្ស PSG រូបនេះ​ឈាន​ជើង​ចូល​ប្រទេសរុស្ស៊ី​ក្នុង​ឋានៈ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ប៉ុន្តែ​កី​ឡាកររូប​នេះ​ធ្វើ​មិនបាន​ល្អដូចការ​រំពឹងទុក​ ហើយ​ថា បរាជ័យ​២-១​ នៅវគ្គ​៨ក្រុម​ចុងក្រោយ​នេះ​គឺជា​ចំណុច​អន់​បំផុតនៃ​អាជីព​បាល់ទាត់របស់ខ្លួន។

Neymar បាននិយាយថា “​ខ្ញុំ​អាចនិយាយបាន​ថា នេះគឺជា​ព្រឹត្តិការណ៍ដ៏សោក​សៅ​បំផុតក្នុងអាជីព​របស់ខ្ញុំ​។ ការឈឺចាប់គឺធំធេងណាស់ ពីព្រោះ​យើងដឹងថា យើង​អាចធ្វើ​បាន​ល្អជាងនេះ។ យើង​ដឹងថា យើង​មាន​ឱកា​សទៅមុខទៀត ដើម្បី​សាងប្រវត្តិសាស្ត្រ ប៉ុន្តែ​វាមិនអាចកើត​ឡើង​នៅពេលនេះ”។

Neymar បន្តថា “​វាពិបាក​នឹង​ស្វែង​រក​ថាមពល​មក​វិញនៅពេល​ត្រឡប់​ទៅ​លេងឲ្យ​ក្លឹបជាថ្មី ប៉ុន្តែខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់​នឹង​ផ្តល់​កម្លាំង​ដល់ខ្ញុំ​​ ដើម្បីប្រឈមមុខនឹងអ្វីដែល​កើតឡើង​ចំពោះមុខ”។

ក្រុម​ប្រេស៊ីល​ត្រូវ​បាន​ទម្លាក់ចេញពី​ព្រឹត្តិការណ៍វើលខាប់​កាល​ពីថ្ងៃសុក្រ​ ដែល​បាន​បញ្ចប់ឱកាស​លើក​ពាន​វើលខាប់ជាលើកទី​៦​៕

adverise with khmeread

អ្នកនឹងចូលចិត្ត