adverise with khmeread Save money

វិធីសន្សំលុយទាំង ១០ ដែលអ្នកមិនដែលនឹកស្មានដល់ពីមុន

ការសន្សំលុយមួយកាក់មួយសេនអាចជួយមនុស្សឲ្យក្លាយជាអ្នកមានដោយមិនដឹងខ្លួន។ ប៉ុន្តែការសន្សំលុយមិនមែនសំដៅតែលើការយកលុយដាក់ក្នុងកូនជ្រូកមួយមុខគត់នោះទេមានវិធីច្រើនទៀតក្នុងការសន្សំលុយ ដែលអ្នកសឹងតែមិននឹកស្មានដល់នោះទេ។ 

១- ទិញបន្លែនិងផ្លែឈើស្រស់
ការដែលមានបន្លែ និងផ្លែឈើស្រស់នឹងជួយឲ្យរាងកាយរបស់អ្នកប្រសើរឡើងតាមវិធីជាច្រើន។ ការសិក្សានានាបង្ហាញថាការទទួលទានបន្លែនិងផ្លែឈើស្រស់រាល់ថ្ងៃមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺជាច្រើន។ ការរក្សាបានរបបអាហារដែលមានសុខភាពល្អនឹងជួយកាត់បន្ថយលទ្ធភាពជួបវេជ្ជបណ្ឌិត ដូច្នេះការចំណាយថ្លៃពេទ្យត្រូវបានកាត់បន្ថយយ៉ាងច្រើន។ ត្រូវចាំថា ញ៉ាំប៉ោមមួយផ្លែក្នុងមួយថ្ងៃនឹងមិនឲ្យអ្នកទៅជួបវេជ្ជបណ្ឌិតនោះទេ។ 

២- ធ្វើម្ហូប និងអាហារញ៉ាំកំដរមាត់ដោយខ្លួនឯង
អាហារនៅភោជនីយដ្ឋាន ឬហាងក្រៅផ្ទះគឺមានតម្លៃថ្លៃខ្លាំងណាស់ ប៉ុន្តែប្រសិនបើអ្នកចំអិនវាដោយខ្លួនឯង អ្នកនឹងមិនត្រឹមតែកាត់បន្ថយចំណាយប៉ុណ្ណោះទេ តែថែមទាំងអាចជ្រើសរើសរសជាតិតាមចំណង់ចំណូលចិត្តខ្លួនឯងបានទៀតផង។ 

៣- រក្សាទុកវិក្កយប័ត្រចំណាយរបស់អ្នក
វិក្កយប័ត្រដែលអ្នករក្សាទុកពីការទិញបន្លែផ្លែឈើគឺមានសារៈសំខាន់ណាស់ក្នុងការសន្សំលុយ។ មុនពេលទិញបន្លែផ្លែឈើសាច់ដាក់ក្នុងទូរទឹកកក អ្នកត្រូវពិនិត្យមើលក្នុងវិក្កយប័ត្រថាតើបានទិញអ្វីរួចហើយឬនៅ។ ប្រសិនបើមិនរក្សាទុកវិក្កយប័ត្រ អ្នកអាចនឹងទិញរបស់ដដែលជាន់គ្នា ជាហេតុធ្វើឲ្យការចំណាយរឹតតែកើន។

៤- កត់ត្រាលុយដែលបានចំណាយដោយប្រើប៊ិកក្រហម
នៅពេលអ្នកកត់ត្រាការចំណាយដោយប្រើប៊ិកក្រហម ខួរក្បាលរបស់អ្នកនឹងប្រុងប្រយ័ត្នដោយស្វ័យប្រវត្តិអំពី "គ្រោះថ្នាក់" នៃការចំណាយច្រើន ហើយវាក៏ជួយអ្នកឲ្យទប់ចិត្តមិនហ៊ានចំណាយច្រើនផងដែរ។ 

៥- ប្រើខ្សែរូសសម្អាតធ្មេញរបស់អ្នក
ការទៅជួបពេទ្យធ្មេញគឺធ្វើឲ្យអស់ទាំងលុយ និងធ្វើឲ្យធុញថប់តឹងទ្រូងថែមទៀត។ នៅពេលធ្មេញរបស់អ្នកមានសុខភាពល្អមិនមានដង្កូវស៊ី អ្នកនឹងមិនខ្វល់រឿងទៅពេទ្យធ្មេញនោះទេ។បន្ទាប់ពីទទួលទានអាហាររួចអ្នកគួរប្រើខ្សែរូសកម្ទេចអាហារចេញតាមចន្លោះធ្មេញដើម្បីរក្សាធ្មេញឲ្យមានសុខភាពល្អ។ 

៦- បិទភ្លើងអគ្គីសនីនៅពេលរាត្រី
កុំមើលស្រាលឲ្យសោះរឿងបើកភ្លើងអគ្គីសនីចោលនៅពេលយប់ វាជាផ្នែកមួយនៃការចំណាយដោយមិនដឹងខ្លួន។ របស់អេឡិចត្រូនិចចាំបាច់ខ្លះគឺមិនអាចបិទចោលបានទេ ដូចជាទូរទឹកកកជាដើម ប៉ុន្តែភ្លើងអគ្គីសនីមិនគួរណាបើកចោលរាល់យប់នោះទេ ដូច្នេះអ្នកគួរបិទវាចោលមុនពេលចូលគេង បើមិនចង់ឲ្យការចំណាយលើអគ្គីសនីកើនឡើងទេនោះ។ 

៧- ត្រូវដាក់នាឡិកានៅគ្រប់ទីកន្លែង
ការដែលដឹងពីពេលវេលាច្បាស់លាស់នឹងជួយឲ្យអ្នកដឹងពីចំនួនការងារដែលត្រូវធ្វើ និងធ្វើឲ្យអ្នកលែងរកលេសអូសបន្លាយពេលធ្វើកិច្ចការផ្សេងៗ។ នៅពេលអ្នករក្សាការតាមដានអំពីពេលវេលាច្បាស់លាស់ អ្នកនឹងមិនចំណាយលុយទិញអាហារក្រៅញ៉ាំទេ (ករណីអ្នកក្រោកមិនទាន់ពេល ដោយសារតែពុំសូវខ្វល់ពីម៉ោងពេលច្បាស់លាស់)។ ដូចនេះអ្នកគួរធ្វើយ៉ាងណាឲ្យមាននាឡិកាគ្រប់ទីកន្លែងដើម្បីរក្សាទំនៀងពេល ក៏ដូចជាកាត់បន្ថយចំណាយផ្សេងៗពេលក្រោយយឺត។ 

៨- ប្រើប្រេងក្រអូបជំនួសឲ្យទឹកអប់
ទឹកអប់មិនមានតម្លៃថោកនោះទេ ហើយការសិក្សាថ្មីៗនេះក៏បង្ហាញផងដែរថាទឹកអប់អាចបង្កឲ្យកើតអា​ឡែ​ស៊ី​និង​រោគ​ប្រកាំងផងដែរ។ វិធីល្អដើម្បីជំនួសទឹកអប់គឺត្រូវទិញប្រេងក្រអូបប្រភេទណាដែលអ្នកចូលចិត្ត។ ធ្វើបែបនេះអ្នកមិនត្រឹមតែបន្ថយចំណាយទេ តែថែមទាំងកាត់បន្ថយការកើតអាឡែស៊ី និងរោគប្រកាំងទៀតផង។  

៩- ត្រូវមានទឹកមួយដបជាប់ខ្លួនជានិច្ច
ការរក្សាទឹកមួយដបជាប់ខ្លួនជានិច្ចនៅពេលអ្នកចេញក្រៅមានន័យថា អ្នកអាចសន្សំលុយលើភេសជ្ជៈ អាចរក្សាជាតិទឹកក្នុងខ្លួន និងអាចរក្សាសុខភាពឲ្យល្អ។ ការផឹកទឹកគឺជាវិធីល្អបំផុតដើម្បីឲ្យរាងកាយមានជាតិទឹក។ លើសពីនេះទៀត វាជួយឲ្យស្បែកអ្នកមានសំណើមល្អ ហើយពេលណាដែលស្បែកមានសំណើមអ្នកនឹងមិនបារម្ភរឿងចំណាយលុយទិញរបស់ថែរក្សាស្បែកឲ្យមានសំណើមនោះទេ។ 

១០- ចំណាយជាក្រដាសប្រាក់ជំនួសឲ្យកាតធនាគារ
ការចំណាយដោយប្រើជាក្រដាសប្រាក់សុទ្ធនឹងធ្វើឲ្យអ្នកយល់ពីតម្លៃរបស់លុយ និងចេះសោកស្តាយពេលយកវាទៅចំណាយម្តងៗ។ ប៉ុន្តែនៅពេលអ្នកប្រើកាតធនាគារ អ្នកនឹងមិនសូវចាប់អារម្មណ៍រឿងដកលុយផុយៗនោះទេ ព្រោះវាគ្រាន់តែជាតួលេខមួយនៅក្នុងធនាគារ។ វិធីល្អដើម្បីកុំឲ្យចំណាយខ្ជះខ្ជាយគឺត្រូវយកលុយសុទ្ធមកប្រើ។ ពេលលុយកាន់ក្នុងដៃហោចទៅៗ អ្នកនឹងខ្លាចរអារឿងចំណាយជាក់ជាមិនខាន៕  

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់