adverise with khmeread 1

​តើ​រណ្តៅ​ខ្មៅ​ជា​អ្វី​?

​រណ្តៅ​ខ្មៅ ឬ Black Hole គឺជា​ទីតាំង​មួយ​នៅក្នុង​ចក្រវាល​ដែល​កម្លាំង​ទំនាញ​របស់​វា​ពិតជា​ខ្លាំង​អស្ចារ្យ​ណាស់ សូម្បីតែ​ពន្លឺ​ក៏​វា​អាចធ្វើឱ្យ​រលាយបាត់​រូបរាង​ដែរ​។ ទំនាញ​ដ៏​ខ្លាំងនេះ​កើតឡើង​ដោយសារ សារធាតុ​ដែល​អាច​មើលឃើញ​រូបរាង​នៅក្នុង​ចក្រវាល​ត្រូវបាន​សង្កត់​ចូលទៅក្នុង​ទីតាំង​ដ៏​តូច​មួយ​នៅក្នុង​លំហ​។ កម្លាំង​សង្កត់​នេះ​អាច​កើតឡើងនៅ​ជីវិតចុង ក្រោយ​របស់​តារា​។ រណ្តៅ​ខ្មៅ​ខ្លះ​កើតឡើង​ដោយសារ​ការស្លាប់​របស់​តារា​​។​

​ដោយសារតែ​ពន្លឺ​មិនអាច​គេច​បាន រណ្តៅ​ខ្មៅ​គឺ​មិនអាច​មើលឃើញ​បានឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី កែវ​យឺត​អវកាស​ជាមួយ​ឧបករណ៍​ពិសេស អាចជួយ​ស្វែងរក Black Hole បាន​។ ពួកគេ​អាច​សង្កេត​ឥរិយាបថ​នៃ​វត្ថុ​ធាតុ​និង​តារា​ដែល​ស្ថិតនៅ​ជិត​រណ្តៅ​ខ្មៅ​បំផុត​នេះ​បាន​។​

​* តើ​រណ្តៅ​ខ្មៅ​ធំ​ប៉ុនណា​?

​រណ្តៅ​ខ្មៅ​មាន​គ្រប់​ទំហំ​ទាំងអស់ ប៉ុន្តែ Black Hole មាន​បី​ប្រភេទ​ធំៗ​។ ម៉ាស​និង​ទំហំ​អាច​កំណត់​ពី​ប្រភេទ​របស់​វា​។​

​ពពួក​ដែល​តូច​ជាងគេ​បំផុត​គឺ​ត្រូវបាន​ស្គាល់​ថា រណ្តៅ​ខ្មៅ​ដំបូង​ឬ Primordial Black Holes​។ អ្នកវិទ្យាសាស្ត្រ​ជឿថា ប្រភេទ​នេះ​គឺ​តូច​ប៉ុន​អាតូម​ប៉ុន្តែ​វា​មាន​ម៉ាស​ប៉ុន​ភ្នំ​ដ៏​ធំ​មួយ​។​

​ប្រភេទ​ទូទៅ​បំផុត​នៃ​ទំហំ​ល្មម​របស់​រណ្តៅ​ខ្មៅ​ហៅថា "Stellar" ដែលមាន​រាង​ប៉ុន​ផ្កាយ​ឬ​ភព​មួយ​។ ម៉ាស​របស់​វា​អាច​ធំ​ជាង​ព្រះអាទិត្យ​របស់​យើង​ដល់​ទៅ ២០ ដង និង​អាច​រួមចូលគ្នា​ទៅជា​ដុំ​មូល​មួយ​ដែលមាន​អង្កត់ផ្ចិត​ប្រហែលជា ១៦ គីឡូ​មែត្រ​។ រណ្តៅ​ខ្មៅ​ប្រភេទ​នេះ ប្រហែល​ជាមាន​ច្រើន​ក្នុង​ក​ញ្ចំ​ផ្កាយ​កាឡាក់ស៊ី​ក្នុង​គន្លង​មី​គី​វ៉េ​របស់​យើង​។​

​រណ្តៅ​ខ្មៅ​ធំជាងគេ​ហៅថា "Supermassive" ឬ​កំពូល​មហា​ធំ​។ រណ្តៅ​ខ្មៅ​ទាំងនេះ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ដល់​ទៅមួយ​លាន​បូក​បញ្ចូល​គ្នា និង​អាច​រួម​ចូលគ្នា​ទៅជា​ដុំ​មូល​មួយ ដែលមាន​អង្កត់ផ្ចិត​ប៉ុន​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល​របស់​យើង​។ ភស្តុតាង​វិទ្យាសាស្ត្រ​បាន​បង្ហាញថា រាល់​កាឡាក់ស៊ី​ធំៗ​ទាំងអស់​សុទ្ធតែ​មានរ​ណ្តៅ​ខ្មៅ​ដ៏​ធំ​ស្ថិតនៅ​ចំ​កណ្តាល​។

រណ្តៅ​ខ្មៅ​កំពូល​មហា​ធំ ឬ Supermassive Black Hole ដែល​ស្ថិតនៅ​ក​ញ្ចំ​ផ្កាយ​មី​គី​វ៉េ​របស់​យើង​ហៅថា Sagittarius A​។ វា​មាន​ម៉ាស​ស្មើនឹង​ព្រះអាទិត្យ​ដល់​ទៅ​បួន​លាន​ដង និងអាច​រួម​ចូលគ្នា​ទៅជា​ដុំ​មូល​មួយ​ដែលមាន​អង្កត់ផ្ចិត​ប៉ុន​ព្រះអាទិត្យ​របស់​យើង​។​

​* តើ​ពួកវា​កើតឡើង​យ៉ាងដូចម្តេច​?

​រណ្តៅ​ខ្មៅ​ដំបូង​ត្រូវបាន​គេ​គិតថា​បាន​កកើត​នៅក្នុង​កំណើត​ចក្រវាល​ដំបូង ភ្លាម​បន្ទាប់ពី​ប​ន្ទុះ Big Bang​។​

​រណ្តៅ​ខ្មៅ Stellar Black Hole កកើតឡើង​នៅពេលដែល​ផ្នែក​កណ្តាល​នៃ​តារា​ដ៏​ធំ​រលំរលាយ​ដោយ​ខ្លួន​វា​។ ការ​រលំរលាយ​របស់​តារា​បង្ក​ឲ្យ​មាន Supernova (​តារា​ដែល​ផ្ទុះឡើង​និងបង្កើត​ឲ្យ​មាន​ពន្លឺ​ដ៏​ភ្លឺ​ជាច្រើន​ខែ​) ឬ​បំផ្ទុះ​តារា ដែល​ធ្វើ​ឲ្យ​ខ្ចាត់ខ្ចាយ​ផ្នែក​របស់​ផ្កាយ​ទៅក្នុង​លំហ​។​

​អ្នកវិទ្យាសាស្ត្រ​គិតថា Supermassive Black Hole បានកកើតឡើង​ស្របពេល​ជាមួយ​កាឡាក់ស៊ី​ដែល​ពួកវា​ស្ថិតនៅ​។ ទំហំ​របស់​វា​គឺ​ទាក់ទង​ទៅនឹង​ទំហំ​និង​ម៉ាស​របស់​កាឡាក់ស៊ីដែល​វា​នៅ​។​

* ប្រសិនបើ​រណ្តៅ​ខ្មៅ​វា "​ខ្មៅ​" តើ​ធ្វើ​ដូចម្តេច​ទើប​អ្នកវិទ្យាសាស្ត្រ​ដឹងថា​វា​ស្ថិត​នៅឯណា​?

​រណ្តៅ​ខ្មៅ​មិនអាច​មើលឃើញ​បានទេ​ពីព្រោះ​ទំនាញ​ដ៏​ខ្លាំងក្លា​របស់​វា​ទាញ​រាល់​ពន្លឺ​ទៅ​ផ្នែក​កណ្តាល​របស់​វា​។ ទោះជា​យ៉ាងនេះ​ក្តី អ្នកវិទ្យាសាស្ត្រ​អាច​ឃើញ​ឥទ្ធិពល​នៃ​ទំនាញ​ដ៏ខ្លាំង​របស់​វា​ទៅលើ​តារា​និង​ឧស្ម័ន​ដែល​ស្ថិតនៅ​ជុំវិញ​រណ្តៅ​ខ្មៅ​។ ប្រសិនបើ​តារា​ធ្វើ​គោចរ​ច្បាស់ លាស់​មួយ​នៅក្នុង​លំហ អ្នកវិទ្យាសាស្ត្រ​អាច​សិក្សា​ពី​ចលនា​របស់​តារា​ដើម្បី ទទួលបាន​ព័ត៌មាន​ថា​តើ​វា​ធ្វើដំណើរ​ជុំវិញ​រណ្តៅ​ខ្មៅ​មែន​ឬក៏​អត់​។​

នៅពេលដែល Black Hole និង​ផ្កាយ​ធ្វើ​គោល​ចរ​កៀក​គ្នា ថាមពល​ពន្លឺ​ដ៏​ខ្ពស់​ត្រូ​បាន​ផលិត​។  ឧបករណ៍​វិទ្យាសាស្ត្រ​អាច​ឃើញ​ពន្លឺ​នេះ​។​

​ទំនាញ​របស់​រណ្តៅ​ខ្មៅ​ជួនកាល​អាច​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ទាញ​ឧស្ម័ន​របស់​តារា​ដែល​នៅ​សែនឆ្ងាយ​និង​កកើត​ជា​ថាស់​វិល​ជុំវិញខ្លួន​វា​ដែល​គេ​ហៅថា ថាស​រាង​ចិញ្ចៀន ឬ Accretion Disk ឬ Circumstellar Disk​។ ខណៈដែល​ឧស្ម័ន​មកពី​ថាស​នេះ​វិល​ចូលទៅក្នុង​រណ្តៅ​ខ្មៅ ឧស្ម័ន​ឡើង​ក្តៅ​ទៅ​សីតុណ្ហភាព​ដ៏​ខ្ពស់​និង​បញ្ចេញ​ពន្លឺ​កាំរស្មីអ៊ិច ទៅ​គ្រប់ទិសទី​។ កែវយឺត​របស់​អង្គការ​ណា​សា​ស្ទង់​មើល​ពន្លឺ​កាំរស្មីអ៊ិច​នេះ​។ ក្រុម​តារាវិទូ​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​ស្វែងយល់​អំពី​លក្ខណៈសម្បត្តិ​របស់​រណ្តៅ​ខ្មៅ​។​

* តើ Black Hole អាច​បំផ្លាញ​ភពផែនដី​របស់​យើង​បានដែរ​ឬទេ​?

​រណ្តៅ​ខ្មៅ​មិន​ធ្វើដំណើរ​ជុំវិញ​ចក្រវាល​ឬក៏​ស្រូប​ផែនដី​ដោយ​ចៃដន្យ​នោះទេ​។ ពួកវា​អនុវត្តតាម​ច្បាប់​នៃ​ទំនាញ​ដូច​វត្ថុ​ផ្សេងទៀត​នៅក្នុង​លំហ​ដែរ​។ ការដែល​លើកឡើងថា គន្លង របស់​រណ្តៅ​ខ្មៅ​ត្រូវតែ​នៅ​ជិត​ប្រព័ន្ធ​ព្រះអាទិត្យ​ដើម្បី​បំផ្លាញ​ភពផែនដី មើលទៅ​ដូចជា​មិនអាច​កើតឡើង​ទេ​។​

​ប្រសិនបើ​រណ្តៅ​ខ្មៅ​មាន​ម៉ាស​ប៉ុន​ព្រះអាទិត្យ​ហើយ​ឧទាហរណ៍​ថា​វា​នឹង​ជំនួស​តារា​របស់​ពួកយើង ភពផែនដី​នឹងមិន​ត្រូវបាន​ស្រូប​ចូលទៅក្នុង​នោះទេ​។ Black Hole ដែលមាន​ម៉ាស ប៉ុន​ព្រះអាទិត្យ​វា​នឹង​រក្សា​ទំនាញ​ដូចគ្នា ហើយ​ភព​ទាំងឡាយ​នៅតែ​ធ្វើ​គោចរ​ជុំវិញ​វា​ដដែល ដូចដែល​ព្រះអាទិត្យ​ធ្វើ​សព្វថ្ងៃ​នេះដែរ​។​

* តើ​ព្រះអាទិត្យ​របស់​ពួកយើង​នឹង​ប្រែខ្លួន​ទៅជា Black Hole មែន​អត់​?

​ព្រះអាទិត្យ​មិនមាន​ម៉ាស​គ្រប់គ្រាន់​ដើម្បី​ស្រុត​ទៅជា​រណ្តៅ​ខ្មៅ​នោះទេ​។ នៅក្នុង​ពេលវេលា​មួយ​ពាន់​លាន​ឆ្នាំ​ទៅមុខទៀត នៅពេលដែល​ព្រះអាទិត្យ​មកដល់​ជិវិត​ចុងក្រោយ វា​នឹង ក្លាយទៅជា​តារា​យក្ស​ក្រហម​ឬ Red Giant Star​។ បន្ទាប់មក នៅពេល​វា​ប្រើប្រាស់​ថាមពល​ឥន្ធនៈ​អស់ វា​នឹង​គ្រវែង​ចោល​ស្រទាប់​ខាងក្រៅ ហើយ​ប្រែ​ក្លាយទៅជា​រង្វង់​ឧស្ម័ន​មួយ ហៅថា Planetary Nebula​។ ទីបំផុត អ្វីដែល​នៅសល់​ពី​ព្រះអាទិត្យ​គឺ​តារា​ពិការ​ពណ៌​ស​គ្មាន​ចលនា​ហៅថា White Dwarf Star​។​

* តើ​អង្គការ​ណា​សា​សិក្សា​រណ្តៅ​ខ្មៅ​យ៉ាងដូចម្តេច​?

​អង្គការ​ណា​សា​កំពុងតែ​ស្វែងយល់​ពី Black Hole ដោយ​ប្រើប្រាស់​យានអវកាស Chandra X-ray Observatory,​ផ្កាយរណប Swift និង​កែវ​យឺត​អវកាស Fermi Gamma-ray​។ Fermi ត្រូវបាន​បង្ហោះ​ក្នុង​ឆ្នាំ ២០០៨ និង​កំពុង​សង្កេតមើល​ពន្លឺ​កាំរស្មី​មេដែក​អគ្គីសនី ឬ Gamma-ray ដែលជា​កម្លាំង​នៃ​ទម្រង់​កកើត​របស់​ពន្លឺ ដើម្បី​ស្វែងរក Supermassive Black Hole និង​បាតុភូត​តារាសាស្ត្រ​ផ្សេងទៀត​។ យានអវកាស​ទាំងនេះ​ជួយ​អ្នកវិទ្យាសាស្ត្រ​ឆ្លើយ​នូវ​សំណួរ​អំពី​ប្រភពដើម ការវិវត្តន៍និង​អនាគត​របស់​ចក្រវាល​៕

adverise with khmeread
ប្រភព៖ NASA

មតិយោបល់