ជនសង្ស័យ៣នាក់មកពី៣ខេត្តផ្សេងគ្នាចូលគុកតែ០១នៅភ្នំពេញ

ភ្នំពេញ​ ៖​ កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ដើមប្បីផ្តន្ទាទោស​ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនច្រើនគីឡូក្រាម​ តែពួកគេបនបំផ្លាញចាក់ចូលបង្គន់ពេលសមត្ថកិច្ចទៅដល់។ 

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលើ គឺមានស្រុកកំណើត នៅឯខេត្តផ្សេងគ្នា ​ត្រូវបានអាវុធហត្ថខណ្ឌទួលគោក, ខណ្ឌពោធិ៍សែនជ័យ និងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាបន្តបន្ទាប់នៅចំណុចមុខគ្លីនិករ៉ាក់ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងផ្ទះលេខ៤៦ ផ្លូវលេខ១២ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

​មន្ត្រីដដែលបន្តថា​ ជនសង្ស័យ ១.ឈ្មោះ ជុំ សំណាង ហៅ ឡុង ភេទប្រុស អាយុ​៣២ឆ្នាំ ស្រុកកំណើតភូមិព័នវត្ត ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ២.ឈ្មោះ ស៊ាន ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិសំរោង ឃុំសំរោង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និង៣.ឈ្មោះ កែក លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើត ភូមិលេខ៣ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ 

​ដំបូងឡើយនៅវេលាម៉ោង១០ និង២០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌទួលគោកបានស្រាវជ្រាវ បង្ក្រាបមុខសញ្ញាជួញដូគ្រឿងញៀនម្នាក់ឈ្មោះ ជុំ សំណាង នៅ ចំណុចមុខគ្លីនិករ៉ាក់ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំល្មម ដែលជនសង្ស័យរូបនេះ បម្រុងនាំយក គ្រឿងញៀនទាំងនេះទៅលក់នៅខេត្តពោធិ៍សាត់។ 

​ក្រោមវិធានការជំនាញ កម្លាំងអាវុធហត្ថខណ្ឌទួលគោកបានទទួលព័ត៌មានថា ថ្នាំញៀនដែលជនសង្ស័យឈ្មោះ ជុំ សំណាង បម្រុងយកទៅលក់នៅខេត្តពោធិ៍សាត់នេះ គឺទទួលបានពីជនម្នាក់ផ្សេងទៀត នៅម្តុំវត្តអង្គតាមិញ ទើបកម្លាំងអាវុធហត្ថខណ្ឌទួលគោក បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ០២នាក់ផ្សេងទៀត ឈ្មោះ ស៊ាន ចាន់ថន និងឈ្មោះ កែក លាងហេង នៅចំណុចផ្ទះលេខ៤៦ ផ្លូវលេខ១២ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

​ខណៈពេលកម្លាំងចម្រុះរបស់អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជនសង្ស័យក្រោយនេះ ជនសង្ស័យបានព្យាយាមបំផ្លាញវត្ថុតាងថ្នាំញៀនចោលអស់ជាច្រើនគីឡូក្រាម​ ដោយចាក់ចូលក្នុងបង្គន់ ធ្វើឱ្យសមត្ថកិច្ចអាវុធហត្ថដកហូតបានថ្នាំញៀន សល់ពីការបំផ្លាញចោល ក្នុងចានបង្គន់ ត្រឹមតែចំនួន០១កញ្ចប់ធំល្មមប៉ុណ្ណោះ។

​បន្ទាប់ពីធ្វើការស៊ើបអង្កេតនិងប្រមូលភស្តុតាងបានគ្រប់គ្រាន់មក ជនសង្ស័យទាំង០៣នាក់ បានបង្ហើបឈ្មោះបក្ខពួកនិងជា មេក្លោងចំនួន ០៣នាក់ផ្សេងទៀត ដែលបានគេចខ្លួន គឺមានឈ្មោះ ម៉ូវ ហៅយួន, ឈ្មោះ ម៉ា និង ឈ្មោះជិន ដែលបច្ចុប្បន្នសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត​។ រីឯជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនបាននេះ សមត្ថកិច្ចអាវុធហត្ថបានកសាងសំណុំរឿង បញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread