ឆេះផ្ទះអស់ប្រហែល៦៤ខ្នងនៅ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ

ភ្នំពេញ​ ៖ គ្រោះមហន្តរាយដ៏ធំមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋប្រហែល៦៤ខ្នង នៅតាមជួរមាត់ទន្លេ ហួសពីស្ពានបេឡេប្រហែល៥០ម៉ែត្រ ស្ថិតភូមិមិត្តភាព សង្កាត់ឫស្សីកែវ  ខណ្ឌឫស្សីកែវ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ​ រួមទាំងសមត្ថកិច្ច កាលពីវេលាម៉ោង៣ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ​។

​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រាន្ត មិនដឹងថា មានអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់នោះទេ ហើយ ស្រាប់តែអគ្គិភ័យឆេះផ្ទះរបស់ពួកគាត់តែម្ដង​។ ភ្លាមៗ ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ រួមជាមួយនឹងពួកគាត់បានយកទឹកជះជាបណ្ដើរៗផងដែរ។  តែទោះជាយ៉ាងណាពួកគាត់មិនអាចពន្លត់អគ្គិភ័យដោយខ្លួនឯងបាននោះទេ រហូតមានការ រាលដាលឆេះយ៉ាងសន្ធោសន្ធៅពីផ្ទះមួយ ទៅផ្ទះមួយអស់ប្រហែល៦៤ខ្នងតែម្ដង​។ 

​ប្រភពបន្តថា ខណៈពេលនោះដែរសមត្ថកិច្ចមូលដ្ឋាន បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង និងកប៉ាល់ទឹក២គ្រឿងជួយបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ តែដោយសារការចូលរថយន្តពន្លត់អគ្គិភ័យនោះ មានការពិបាកបន្តិច រួមជាមួយផ្ទះពួកគាត់សង់ឡើងសុទ្ធតែឈើ ប្រក់ស័ង្កសី ទើបការបាញ់ពន្លត់ពិបាក និងមានការឆាបឆេះរហ័ស បណ្ដាលឱ្យឆេះអស់ជាច្រើនខ្នងបែបនេះ​។ 

​យ៉ាងណាក៏ដោយ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានខិតខំបាញ់ទឹកពន្លត់ និងប្រើពេល​វេលាជាង២ម៉ោង ទើបបាញ់រលត់នៅវិញជាស្ថាពរនៅវេលាម៉ោង៥ និង២០នាទីជិតភ្លឺ​៕

adverise with khmeread