ជិះម៉ូតូចេញពីធ្វើការ ត្រូវចោរវាយប្លន់យកម៉ូតូបានសម្រេច

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿង ទើបតែចេញពីធ្វើការ បម្រុងជិះត្រឡប់ទៅផ្ទះ ក៏ត្រូវជនសង្ស័យមួយក្រុមជិះដេញតាមវាយប្លន់យកម៉ូតូ បានសម្រេចរួចជិះរត់គេចខ្លួន បាត់កាលពី ម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតូតាល់ ក្បែរកន្លែងមណ្ឌលកម្សាន្តចម្ការព្រីង តាមបណ្តោយផ្លូវ២០១១ ស្ថិតសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះទី១-ជាអ្នកបើកម៉ូតូឈ្មោះ កាន​ តុលា​ ភេទ​ប្រុស​ អាយុ២៤​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ ​ស្នាក់​នៅ​បន្ទប់ជួលម្តុំ​វត្តតាំងកសាង សង្កាត់​កាកាបទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង ទី២- ជាអ្នកអង្គុយពីក្រោយ មានឈ្មោះ​ ហិន​ រដ្ឋា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ជាកម្មករ​ រោងចក្រ​ ស្នាក់​នៅ​ជាមួយគ្នា។ ពួកគេបាត់បង់ម៉ូតូ ម៉ាក ស៊ុយស័រគីឡែត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ តាកែវ1P-4836​។ 

​តាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេទាំងពីរនាក់ ទើបតែចេញមកពីកន្លែងធ្វើការ នៅម្តុំរង្វង់មូលចោមចៅ បំណងត្រលប់ទៅបន្ទប់ជួលវិញ នៅម្តុំវត្តតាំងកសាង ដោយបើកបរម៉ូតូតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿនលឿន។ 

​លុះមកដល់ខាងមុខអាកាសយានដ្ឋានភ្នំពេញ អន្តរជាតិពោធិ៍ចិនតុង ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាបួននាក់ ជិះម៉ូតូពីរគ្រឿង ម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខ ជិះមកពីក្រោយ ហើយបានស្រែកដាក់ជនរងគ្រោះថា ពួកហែងជិះម៉ូតូឈ្លើយម្ល៉េះ ? ថែមទាំងដកខ្សែក្រវាត់វាយទៅលើជនរងគ្រោះទាំងពីរនាក់ថែមទៀតផង។ 

​ប្រភពដដែលបន្តបថា ភ្លាមៗនោះដោយជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេក ក៏បានជិះម៉ូតូរត់គេចខ្លួន ទៅខាងមុខទៀត ទាំងហួសផ្លូវចូលបន្ទប់ជួលរបស់ពួកគេ។ ហើយក្រុមជនសង្ស័យ ក៏បន្តជិះដេញតាមវាយជនរងគ្រោះទាំងពីរនាក់ខាងលើ រហូតទៅដល់ចំណុចកើតហេតុ ។ 

​ដោយជនរងគ្រោះ ភ័យស្លន់ស្លោខ្លាំងពេកក៏ចាប់ហ្វ្រាំងម៉ូតូបណ្តាលឱ្យដួល រួចជនរងគ្រោះទាំងពីរនាក់ បានងើបរត់ចោលម៉ូតូយករួចខ្លួនទៅឱ្យគេឯងដែលនៅក្បែរនោះជួយ។  ភ្លាមនោះ ក្រុមជនសង្ស័យក៏លើកម៉ូតូ យកទៅបាត់ដោយសុវត្តិភាព ។ 

​ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែកាន់កាត់គ្រីម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅខាងលើ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងដោយក្តីសោកស្តាយតែប៉ុណ្ណោះ  ៕

adverise with khmeread