ក្មេងស្រីជំទង់អ៊ីរ៉ង់ម្នាក់ត្រូវបានចាប់ខ្លួន ដោយគ្រាន់តែបង្ហោះវីដេអូរាំនៅលើ Instagram

ប្រជាជនអ៊ីរ៉ង់បានចំអកទៅលើមេដឹកនាំសាសនានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រព័ន្ធតុលាការដ៏តឹងរ៉ឹងរបស់អ៊ីរ៉ង់បានចាប់ខ្លួននារីជំទង់ម្នាក់ សម្រាប់ទោសកំហុសបង្ហោះវីដេអូរបស់នាងកំពុងរាំនៅក្នុងបន្ទប់របស់ខ្លួនទៅលើបណ្តាញសង្គម Instagram។ នេះបើយោងតាម Reuters។

ការរិះគន់យ៉ាងខ្លាំងនៃការចាប់ខ្លួនអ្នកហាត់កាយសម្ព័ន្ធនាង Maedeh Hojabri វ័យ ១៨ឆ្នាំ បានធ្វើឡើង ដោយរួមមានការប្រើប្រាស់ពាក្យស្លោក #Dancingisnotacrime (រាំលេងគឺមិនមែនជាបទល្មើសឡើយ) ហើយស្រ្តីអ៊ីរ៉ង់បានបង្ហោះវីដេអូជាច្រើននៃទិដ្ឋភាពរបស់ពួកគេកំពុងរាំក្នុងទីសាធារណៈ។

អ្នកសរសេរវេបសាយ Blog និងជាអ្នកប្រឆាំងនយោបាយជនជាតិអ៊ីរ៉ង់ Hossein Ronaghi-Maleki បានសរសេរថា​ "អ្នកនឹងត្រូវគេសើចចម្អកប្រសិនបើអ្នកប្រាប់មនុស្សគ្រប់គ្នានៅក្នុងពិភពលោកថា ក្មេងស្រីវ័យ ១៧ និង ១៨ឆ្នាំគឺត្រូវបានចាប់ខ្លួនសម្រាប់ការរាំលេង សុភមង្គល និងសម្រស់របស់ពួកគេ ពីបទឧក្រិដ្ឋនៃការរីករាលដាលភាពមិនសមរម្យ ខណៈដែលពួករំលោភក្មេង និងពួកប្រព្រឹត្តិល្មើសផ្សេងទៀតគឺមានសេរីភាព"។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចាក់ផ្សាយវីដេអូមួយ ដែលនាងបានចេញមុខសុំទោសសម្រាប់ "ការល្មើសក្រមសីលធម៌" ប៉ុន្តែបាននិយាយថា ការមានបំណងបំពានមួយចំនួនគឺមិនមែនជាគោលបំណងរបស់នាងឡើយ។ វេបសាយព័ត៌មានអ៊ីរ៉ង់មួយចំនួនបានរាយការណ៍ថា នារីបីនាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរពីបទឧក្រិដ្ឋស្រដៀងគ្នានេះកាលពីសប្តាហ៍កន្លងទៅ។ វេបសាយទាំងនោះបានបញ្ជាក់ថា ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕


 

adverise with khmeread