វិស្វករសំណង់ម្នាក់បានស្លាប់បន្ទាប់ពី រថយន្តបុកម៉ូតូពីក្រោយទាំងកម្រោល

​ភ្នំពេញ ៖ បុរសម្នាក់ជាវិស្វករសំណង់បានបាត់បង់ជីវិតនៅនឹងកន្លែង ខណៈជិះម៉ូតូត្រូវរថយន្តបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង នៅចំណុចមុខផ្ទះសំណាក់សេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ​មុន សិលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរវិស្វករសំណង់ ស្នាក់នៅស្ទឹងមានជ័យ ទី១ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិក្បាលកោះ ស្រុកគៀនស្វាយ ខេត្តកណ្ដាល​។ ធ្វើដំណើរដោយ ម៉ូតូម៉ាក PCX ​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GW-6372​។ រីឯរថយន្តបង្ក ម៉ាកកាមរី​ (បាឡែន) មិនចាំស្លាកលេខ បានគេចបាត់​។ 

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ធ្វើដំណើរទិសដៅពីលិចទៅកើត​។ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តបង្ក បានបើកមកពីក្រោយស្របទិសដៅគ្នា ជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យ​ជនរងគ្រោះ ផ្លោងទើរលើដំបូលរថយន្តរត់បាន ប្រហែល៥០ម៉ែត្រ ក៏ធ្លាក់បោកក្បាលនឹងថ្នល់បន្ថែមទៀត ស្លាប់នៅនឹងកន្លែងតែម្តង​។ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។

​ក្រោយកើតហេតុ សមត្ថកិច្ច ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក រង់ចាំសាច់ញាតិយកឯកសារមកទទួលយកទៅផ្ទះវិញ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត តាមប្រពៃណី​៕


 

adverise with khmeread