Ronaldo សុំអ្នកគាំទ្រយោគយល់ផង ដែលខ្លួនចាកចេញពី Real ទៅ Juventus

Cristiano Ronaldo បានចាកចេញពី Real Madrid ដើម្បីចូលរួមជាមួយជើងឯកអ៊ីតាលី Juventus ក្នុងតម្លៃ ១០០ លានអឺរ៉ូ (១១៧ លានដុល្លារ) កាលពីថ្ងៃអង្គារ ជាមួយកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះនិយាយថា ពេលវេលាបានមកដល់ហើយ "សម្រាប់ទំព័រថ្មី" ក្នុងជីវិតរបស់គាត់។ 

Juventus បានបញ្ជាក់ថា Ronaldo បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំហើយថាតម្លៃនៃការផ្ទេររួមទាំងប្រាក់ ១២ លានអឺរ៉ូបន្ថែមទៀត នឹងត្រូវទូទាត់ក្នុងរយៈពេល២ឆ្នាំ ជាមួយប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Ronaldo នឹងទទួលបានប្រាក់បៀវត្សរ៍ ៣០ លានអឺរ៉ូ (ជាង៣៥លានដុល្លារ) ក្នុងមួយរដូវកាល។

ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះនឹងពិនិត្យសុខភាពនៅទីក្រុងតួរីននៅសប្តាហ៍ក្រោយនេះ មុនពេលត្រូវបានបង្ហាញមុខជាសាធារណៈដោយក្រុមថ្មីរបស់គាត់។

ម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ថ្ងៃនេះក្រុម Real Madrid ចង់ថ្លែងអំណរគុណដល់កីឡាករដែលបានបង្ហាញថាគាត់គឺជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក និងជាកីឡាករដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបនិងបាល់ទាត់ពិភពលោក"។

នៅក្នុងលិខិតមួយដែលបានបង្ហោះនៅលើវេបសាយរបស់ Real ម្ចាស់ពានរង្វាន់ Ballon d'Or ៥ សម័យរូបនេះបាននិយាយថា ពេលវេលារបស់គាត់នៅក្នុងរដ្ឋធានីអេស្ប៉ាញ កន្លែងដែលគាត់បានក្លាយជាអ្នកស៊ុតច្រើនបំផុតរបស់ក្លឹប គឺជាពេលវេលាដ៏សប្បាយបំផុតមួយនៅក្នុងជីវិតរបស់គាត់។

Ronaldo និយាយថា "ខ្ញុំមានអារម្មណ៍អរគុណយ៉ាងជ្រាលជ្រៅសម្រាប់ក្លឹបនេះ សម្រាប់អ្នកគាំទ្រ និងសម្រាប់ទីក្រុងនេះ។ ប៉ុន្តែខ្ញុំគិតថាពេលវេលាបានមកដល់ហើយដើម្បីបើកទំព័រថ្មីនៅក្នុងជីវិតរបស់ខ្ញុំ ហើយនោះជាមូលហេតុដែលខ្ញុំស្នើឱ្យក្លឹបទទួលយកការផ្ទេររបស់ខ្ញុំ។ ខ្ញុំសុំឱ្យមនុស្សគ្រប់គ្នាជាពិសេសអ្នកគាំទ្ររបស់យើងយោគយល់ដល់ខ្ញុំផង"៕

adverise with khmeread