Cristiano Ronaldo សម្រេចកិច្ចព្រមព្រៀងផ្ទេរទៅចូលរួមជាមួយក្លឹប Juventus ក្នុងតម្លៃ១០៥លានផោន

          ទីបំផុតក្លឹប​យក្សអេស្ប៉ាញ Real Madrid បាន​សម្រេចចិត្ត​លក់​កីឡាករ Cristiano Ronaldo ទៅ​ឲ្យ​ក្លឹប Juventus ហើយក្នុងកិច្ច​ព្រមព្រៀង​ផ្ទេរ​ដែល​មាន​ទឹកប្រាក់​១០៥​លានផោន​។

          Ronaldo ដែលជាប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​បានយល់​ព្រម​ទទួល​យក​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹប​ជើង​ឯក​អ៊ីតាលីនេះ​ហើយនឹង​ចូលរួម​ជាមួយ​ពួកគេ​ក្នុងកិច្ច​សន្យា​លេង​បួន​ឆ្នាំ​ ដែល​អាចរកចំណូល​បាន​៣០​លានអឺរ៉ូ​ក្នុង​មួយ​រដូវកាល។

          កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​មក​កាន់អ៊ីតាលី​នឹង​បញ្ចប់​រយៈ​ពេល​៩​រដូវកាលនៅ​អេស្ប៉ាញ ទីដែល​កីឡាករ​រូបនេះ​រកបាន​៤៥១​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៣៨​លើក។

          ក្លឹប​ Real Madrid បាន​ចេញសេចក្តីថ្លែងការណ៍​តាមគេហទំព័រ​របស់ខ្លួន​កាល​ពី​យប់ថ្ងៃអង្គារ​ថា “​ជាការឆ្លើយ​តបនឹង​ឆន្ទះ​និង​សំណើរបស់កីឡាករ ក្លឹប​បាន​យល់​ព្រមព្រៀង​ផ្ទេរ​ Ronaldo ​ទៅឲ្យក្លឹប Juventus FC ។ ថ្ងៃនេះក្លឹប Real Madrid ចង់សម្តែងការដឹងគុណដល់​កីឡាករដែល​បានបង្ហាញ​ភាព​អស្ចារ្យ​ក្នុង​ពិភព​លោក​ និង​ជាអ្នក​ដែល​បាន​បង្កើ​តពេលវេលាដ៏អស្ចារ្យ​បំផុតក្នុង​ប្រវត្តិ​របស់​ក្លឹប​និង​វិស័យបាល់ទាត់ពិភពលោក”។

          Ronaldo ក៏បាន​សរសេរលិខិត​ផ្ទើទៅកាន់អ្នកគាំទ្រ​ថា “​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នៅ​ជាមួយ Real Madrid​ និង​នៅទីក្រុងម៉ាឌ្រីដធ្វើឲ្យ​ខ្ញុំ​មានអារម្មណ៍​សប្បាយរីករាយ​បំផុតក្នុងឆាកជីវិត។ ខ្ញុំពិតជា​ដឹងគុណចំពោះក្លឹប​ និងទីក្រុងនេះ។ ខ្ញុំអរគុណចំ​ពោះ​ក្តីស្រឡាញ់​ដែល​ពួកគេបាន​ផ្តល់​ឲ្យខ្ញុំ”៕

adverise with khmeread