វេជ្ជបណ្ឌិតអូស្ត្រាលី ដែលជួយអ្នកជាប់ល្អាងថៃទាំង ១៣ នាក់ ទើបតែដឹងដំណឹងឪពុកគាត់ស្លាប់ ក្រោយប្រតិបត្តិការសង្គ្រោះជោគជ័យ

វេជ្ជបណ្ឌិតអូស្ដ្រាលីម្នាក់ដែលជាប់ទាក់ទងនឹងការជួយក្មេងទាំង ១២ នាក់ និងគ្រូបង្វឹកម្នាក់ឱ្យមានសេរីភាពពីល្អាងភ្នំប្រទេសថៃខាងជើង ត្រូវបានគេដឹងថាឪពុករបស់គាត់ស្លាប់ ខណៈដែលគាត់កំពុងសង្គ្រោះអ្នកទាំង ១៣ នាក់នោះ។

ឪពុករបស់គ្រូពេទ្យឈ្មោះ Richard Harris ជាសមាជិកសំខាន់នៃក្រុមអ្នកជំនាញការអន្តរជាតិដែលចូលរួមក្នុងបេសកកម្មជួយសង្គ្រោះ បានស្លាប់ភា្លមៗ បន្ទាប់ពីក្មេងៗទាំងអស់ត្រូវបានសង្គ្រោះ។

Harris ជាគ្រូពេទ្យឯកទេស និងជាអ្នកមុជទឹកក្រោមល្អាង ដែលគេស្គាល់គាត់ថា Harry គឺជាមនុស្សចុងក្រោយគេបង្អស់ដែលចេញពីល្អាងកាលពីថ្ងៃអង្គារ។

លោក Andrew Pearce ជាអ្នកសង្គ្រោះរបស់សេវាកម្មជួយសង្គ្រោះ MedSTAR បាននិយាយថា "កាលពីព្រឹកព្រលឹមឪពុករបស់លោក Harry បានស្លាប់នៅទីក្រុង Adelaide...បន្ទាប់ពីពួកគេទាំងអស់គ្នាបានចេញពីល្អាងភ្នំ"។

លោក Pearce បានបន្តទៀតថា "ប្រសិនបើអ្នកអាចស្រមៃពីរាងកាយដ៏អស់កម្លាំង និងសតិស្មារតីតាមរយៈការសង្គ្រោះ និងមានភារៈកិច្ចត្រូវដោះស្រាយ នៅពេលអ្នកកំពុងតែខ្សោះខ្សោយហើយ ស្រាប់តែឮដំណឹងថាឪពុករបស់ខ្លួនស្លាប់ទៀត ថាតើវាពិបាកយ៉ាងណាក្នុងការសង្គ្រោះក្មេងៗទាំងនោះ"។

ដោយបានពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍របស់សេវាកម្មរថយន្តសង្គ្រោះជាតិអូស្រ្តាលី​ខាងត្បូង (SAAS) ថាជា "បុរសស្ងៀមស្ងាត់ និងចិត្តសប្បុរស" ដែល "មិនបានគិតពីរដងអំពីការផ្តល់ការគាំទ្ររបស់គាត់លើបេសកកម្មនេះ" Harris ត្រូវបានគេសរសើរចំពោះការងាររបស់គាត់តាមរយៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនោះ។

មិត្តរួមក្រុមបានសរសើរលើការប្ដេជ្ញារបស់គាត់ទៅលើការងារសង្គ្រោះអ្នកទាំង ១៣ នាក់ ហើយបើគ្មានគាត់ក្នុងបេសកកម្មនេះ ពួកគេប្រហែលជាមិនអាចជោគជ័យបាននោះឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត