ភ្នំពេញ ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ថាជាសន្តិសុខនៅក្នុងការដ្ឋានសំណង់មួយកន្លែង នៅលើវាលខ្សាច់អតីតបឹងកក់ បានដេកស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យមើលភ្លាមៗ កាលពីព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា សាកសពបុរសម្នាក់ស្លាប់នៅក្នុងថ្លុកឈាមនោះ គឺជាសន្តិសុខប្រចាំការនៅការដ្ឋានខាងលើ ហើយបុរសរូបនេះជាមនុស្សប្រមឹកផឹកស៊ីរាល់ថ្ងៃ ។ លុះនៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់បាត់ទៅហើយ ដោយមានឈាមប្រឡាក់ពេញខ្លួនផងដែរ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ម រស្មី អាយុ៤៣ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ៥បេ ផ្លូវលេខ៣៨៦ ភូមិ៤ សង្កាត់បឹងកក់កេងកង៣ ខណ្ឌចំការមន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើនេះ ហើយទំនាក់ទំនងជាមួយប៉ូលិសជំនាញខាងកោសល្យវិច័យត្រួតពិនិត្យលើសព ដោយបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារក្អួតឈាម ព្រោះជនរងគ្រោះផឹកស្រាខ្លាំងពេកបណ្ដាលឱ្យរលាកក្រពះធ្ងន់។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
