រថយន្តកាមរី (បាឡែន) បុករះរថយន្ត៣គ្រឿងនៅខណ្ឌ ៧មករា

​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តកាមរី(បាឡែន)បោះពួយយ៉ាងលឿនទៅបុករថយន្តដែលចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវ ចំនួន៣គ្រឿង រងការខូចខាត យ៉ាងដំណំ  បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១១ ខែកក្កដា  ឆ្នាំ២០១៨ត្រង់ចំណុចមុខផ្ទះលេខ២៦២ ​លក់គ្រឿងទេសនិងភេសជ្ជៈ គ្រប់មុខ​ យីហោ​ បេ យូអេង តាមបណ្តោយផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា​។ 

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនដំបូងគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តកាមរី(បាឡែន​)ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 
2Q.6976 បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវ១០៧ទិសដៅពីជើងទៅត្បូង​។ ខណៈមកដល់កន្លែងកើតហេតុខាងលើក៏រេចង្កូតមកឆ្វេងដៃបុករថយន្តកាមរី (ស្វិត) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2E.3632 ដែលចតស្ងៀមនៅចិញ្ចើមផ្លូវបណ្តាលឱ្យបែកស្តុបខាងឆ្វេង អស់មួយចំហៀង។ 

​បន្ទាប់មកក៏ រេចង្កូតទៅបុករថយន្ត ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM.6937 បណ្តាលឱ្យរថយន្តនេះ វិលមួយជុំខ្ទាតទៅកណ្តាលថ្នល់រងការខូចខាត ផ្នែកខាងឆ្វេងកំពិតទ្វារទាំងពីរ និងបែកស្តុបខាងក្រោយអស់មួយចំហៀងខាងឆ្វេង។

​នៅមិនទាន់អស់ល្បឿនក៏បន្តទៅមុនទៀតទៅបុករថយន្តឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P.9877 ដែលចតនៅមុខផ្ទះលេខ ២៦២Eo ក្បែរចិញ្ចើមផ្លូវ ពេញទំហឹងបណ្តាលឱ្យរថយន្ត ឡង់គ្រីស័រថយក្រោយទៅបុកបង្គោលភ្លើង រងការខូចខាត ផ្នែកខាងមុខខាងក្រោយយ៉ាងដំណំ។ ចំណែឯ រថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។

​ប្រភពដដែលបន្តថា​ ម្ចាស់រថយន្តបង្កពេលដែល បុកហើយបានចុះពីលើរថយន្ត ដើរត្រេតត្រោតស្រវឹងជោកជាំ ពេលនោះក៏មានសាច់ញាតិមកអូសដៃចូលផ្ទះ ពីព្រោះផ្ទះជនបង្កនៅជិតនោះហើយក៏ សម្ងំដេកបាត់ឈឹង។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ទំនាក់ទំនងជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយក រថយន្តទាំងអស់ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំភាគីបង្កចូលខ្លួន មកដោះស្រាយនៅថ្ងៃក្រោយ៕

adverise with khmeread