ឃាត់បុរសចិន២នាក់ពាក់ព័ន្ធក្លែងបន្លំ ម៉ាក​របស់​ក្រុមហ៊ុន​ហុងដា

ភ្នំពេញ ៖ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ ចុះបង្ក្រាប​ទីតាំង​ស្តុក​ម៉ូតូ ក្រុមហ៊ុន​ចិន​មួយកន្លែង យីហោ បូ​ឌី​ង អ៊ី​ន​វេស​មិន​ខូ​អិ​ល​ធី​ឌី ដែល​ក្លែងបន្លំ ម៉ាក​របស់​ក្រុមហ៊ុន​ហុងដា ដោយបាន​រកឃើញម៉ូតូ ចំនួន​ជាង៤០០គ្រឿង ព្រមទាំង​សម្ភារៈ​ជាច្រើន​ទៀត​។

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុង​ទីតាំង​ស្តុក ម៉ូតូ​ក្រុមហ៊ុន​ចិន​មួយកន្លែង​យីហោ បូ​ឌី​ង អ៊ី​ន​វេស​មិន ខូ​អិ​ល​ធី​ឌី (BODING INVESTMENT Co.,Ltd.) ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ស.ក ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​លោក ជ័យ រិទ្ធី ជា​អនុប្រធាន អគ្គលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ ចូលរួម​ពី​លោក អោក ចាន់​រី​ណា ក្រឡាបញ្ជី និង​តាម​ចំណារ​លេខ ០៥១ អ.យ.ភ ចុះ​ថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៨ របស់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន មេភូមិ អាជ្ញាធរ សង្កាត់ ខណ្ឌ ចុះទៅ​ត្រួតពិនិត្យ ឆែកឆេ ឃ្លាំង​ស្តុក និង​តម្លើង​ម៉ូតូ​សេរី​ទំនើប ដែលមាន​ឃ្លាំង​ឈ្មោះ បូ​ឌី​ង អ៊ី​ន​វេស មិ​ខូ អិ​ល ធី ឌី (BODING INVESTMENT Co.,Ltd.) ស្ថិតនៅ​ចំណុច​ខាងលើ​។ 

​សមត្ថកិច្ចនិយាយថា ​ម្ចាស់​អ្នកគ្រប់គ្រង ឈ្មោះ LUO YUN ភេទ​ប្រុស ជាន​ជាតិចិន អាយុ៤៥ឆ្នាំ​, ឈ្មោះ GOU HUAJIN ភេទ​ប្រុស ជនជាតិ​ចិន អាយុ២០ឆ្នាំ​, ឈ្មោះ LI SHIHAI ភេទ​ប្រុស ជនជាតិ​ចិន អាយុ៦៧ឆ្នាំ និងឈ្មោះ YANH SHIFANG ភេទ​ស្រី អាយុ៦៣ឆ្នាំ​។

​សមត្ថកិច្ចបន្តថា ​ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ​ក្លែងបន្លំ​ម៉ាក​និង​ម៉ូ​ឌែ​ល ចំនួន​ជាង៤០០គ្រឿង ក្នុងនោះ​មាន ម៉ាក Zoomer-X ចំនួន ២២៤គ្រឿង, ម៉ាក MSL-S1 ចំនួន ១០០គ្រឿង, ម៉ាក Scoopy ចំនួន ៣១គ្រឿង, ម៉ាក Ducati ចំនួន ០៣គ្រឿង,ម៉ាក Dream ចំនួន ០៣គ្រឿង, ម៉ូតូ​ធំផ្សេងៗ ចំនួន ២០គ្រឿង, តែម Zoomer-X -MSL-S1 -Scoopy -Ducati -Dream ចំនួន ០៤កេស​, ប្រេង​សម្រាប់​លាយ ប្រេងម៉ាស៊ីន ចំនួន ៣៦ប្រអប់ និង​គ្រឿងបន្លាស់​មួយចំនួន។

​ក្រោយ​ប្រតិបត្តិការ​បានបញ្ចប់ គណៈកម្មការ​ខាងលើ បាន​ដក ហូត​ម៉ូតូ​ចំនួន ០៤គ្រឿង បួន​ប្រភេទ យកទៅ​ធ្វើតេស្ត និង​ហៅ ជនជាតិ​ចិន២នាក់ ទៅ​សាកសួរ​នៅ​នាយកដ្ឋាន​ជំនាញ ក្រសួងមហាផ្ទៃ​។ ដោយឡែក​ឃ្លាំង​ខាងលើ ត្រូវបាន​តុលាការ សម្រេច​បិទ​ជា​បណ្តោះអាសន្ន រង់ចាំ​ស្រាវ​ជ្រ​វ និង​ធ្វើតេស្ត ផលិតផល​បន្តទៀត​៕


 

adverise with khmeread