ស្នងការប៉ូលិសខេត្តកំពង់ស្ពឺ ទាត់ចោលរាល់ការចោទប្រកាន់កន្លងមក

​កំពង់ស្ពឺ​ ៖​ បន្ទាប់ពីមានការរិះគន់ដល់មន្ត្រីប៉ូលិសក្នុងករណីផ្ទុះហ្គាស់ឆេះរថយន្ត​ ក្រោយមកអ្នកបើករថយន្តបានស្លាប់​ លោកឧត្តមសេនីយ៍សម​ សាមួន​ ស្នងការប៉ូលិសខេត្តកំពង់ស្ពឺ បានចេញលិខិតបំភ្លឺជាសាធារណៈ​ ដោយបានទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយដែលបានផ្សព្វផ្សាយកន្លងមក។ 

​ក្នុងលិខិតបំភ្លឺបានសរសេរថា​ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨ និង១០នាទី មានករណីអគ្គិភ័យឆេះរថយន្ដមួយគ្រឿង (នៅពេលរថយន្ដបញ្ជូលហ្គាស) ​ម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ស្លាកលេខ 2AR 6124 កម្មសិទ្ធិរបស់ឈ្មោះ តាំង គីមហេង ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈយីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

​ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ក៏ដូចជាបណ្ដាសារព័ត៌មានមួយចំនួនជូនជ្រាប ចំពោះករណីអគ្គិភ័យឆេះរថយន្ដមួយគ្រឿង(នៅពេលរថយន្ដបញ្ជូលហ្គាស) ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខ 2AR 6124 នៅចំណុចស្ថានីយ៌ប្រេងឥន្ធនៈយីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ តាមបណ្ដាលផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។ 

​ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលប៉ុ​ស្តិ៍ អធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការអន្ដរាគមន៍ជួយពន្លត់ និងជួយសង្គ្រោះជនរងគ្រោះក្នុងនោះមានជនជាតិខ្មែរ ចិន ចំនួន២នាក់មាន ១.ឈ្មោះ តាំង គីមហេង ជាតៃកុងឡាន​និង២.ឈ្មោះ លីន ប៊ីនប៊ីន ភេទប្រុស ជនជាតិចិន អ្នករួមដំណើរ រយៈពេលប្រមាណ២០នាទីក្រោយពេលកើតហេតុការណ៍ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

​ក្នុងពេលនោះសមត្ថកិច្ចបានទំនាក់ទំនងទៅរថយន្ដសង្គ្រោះរបស់មន្ទីពេទ្យស្រុកគងពិសី និងរថយន្ដសង្រ្គោះឯកជន ដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យ ក្នុងរយៈពេលរង់ចាំរថយន្ដសង្គ្រោះមកដល់ សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋបានជួយសង្រ្គោះបឋម (ប្រើស្បៃ និងភួយសើម ហើយយកជនរងគ្រោះអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ម៉ាតស្ថានីយ៍ប្រេង) ពេលនោះសមត្ថកិច្ចឆ្លៀតសាកសួរបឋម អំពីគ្រួសារសាច់ញាតិ ដើម្បីធ្វើការទំនាក់ទំនងជូនដំណឹងអំពីគ្រោះថ្នាក់របស់ជនរងគ្រោះ។

​ថ្មីៗនេះ តាមរយៈបណ្ដាញសង្គមក៏ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយចោទប្រកាន់ដោយខ្វះប្រភពព័ត៌មានពិត ថាសមត្ថកិច្ចធ្វើកំណត់ហេតុជនរងគ្រោះ និងពន្យាពេលការបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ទើបបណ្ដាលឱ្យជនរងគ្រោះទទួលមរណៈភាព។

​ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមចូលរួមសោកស្ដាយជាមួយគ្រួសារសាច់ញាតិជនរងគ្រោះ និងធ្វើការបដិសេធ និងមិនទទួលយកចំណុចរិះគន់ទាំងឡាយណាដែលខ្វះសារព័ត៌មានពិត ។ ចំណែកក្រុមគ្រួសារជនរងគ្រោះបានសម្ដែងការអរគុណចំពោះសមត្ថកិច្ចនគបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំជួយខ្នះខ្នែង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅភ្នំពេញ និងបានជួយសម្របសម្រួលនីតិវីធីមួយចំនួនទៀត៕


 

adverise with khmeread