កីឡាករ Luka Modric បានរិះគន់តបចំពោះបណ្តាញសារព័ត៌មាននៅប្រ ទេសអង់គ្លេស បន្ទាប់ពីកីឡាកររូបនេះជួយក្រុមក្រូអាស៊ីយកឈ្នះក្រុមអង់គ្លេសនិងឡើងទៅវគ្គផ្តាច់ព្រ័ត្រវើលខាប់ជាលើកដំបូង។
កីឡាកររបស់ក្លឹប Real Madrid រូបនេះបានបំពេញតួនាទីបានល្អនៅតំបន់បម្រើ។ កីឡាករ Kieran Trippier និងកីឡាករ Ivan Perisic រកបានម្នាក់១គ្រាប់ជួយឲ្យក្រុមទាំងពីរបន្តប្រកួតដល់ម៉ោងបន្ថែម ប៉ុន្តែក្រុមក្រូអាស៊ីធ្វើបានសម្រេចនៅចុងម៉ោងបន្ថែម។
Modric និយាយថា ការបង្ហាញសមត្ថភាពរបស់ក្រុមក្រូអាស៊ីគឺជាចម្លើយចំពោះការលើកឡើងថា ក្រុមក្រូអាស៊ីប្រហែលជានឿយហត់ ដោយសារតែឆ្លងកាត់ការលេងបន្ថែមម៉ោងពីរលើកកន្លងមកហើយក្នុងព្រឹត្តិការណ៍នេះ។
Modric បន្តថា “អ្នកកាសែតអង់គ្លេស អ្នកវិភាគតាមទូរទស្សន៍ ពួកគេបានមើលស្រាលក្រុមក្រូអាស៊ី នោះគឺជាកំហុសដ៏ធំ។ យើងទទួលពាក្យទាំងអស់នេះពីពួកគេ។ យើងអាន ហើយយើងនិយាយថា អត់អីទេ ថ្ងៃនេះយើងនឹងដឹងថា នរណានឿយហត់”។
Modric បានបន្ថែមថា “ពួកគេគួរតែដាក់ខ្លួនជាងនេះនិងគោរពគូប្រកួតរបស់ខ្លួន។ ប៉ុន្តែយើងបានបង្ហាញជាថ្មីថា យើងមិននឿយហត់ទេ។ យើងគ្រប់ គ្រងការប្រកួតទាំងកម្លាំងកាយ និងស្មារតី”។
អ្នកចាត់ការក្រុមជម្រើសជាតិក្រូអាស៊ីលោក Zlatko Dalic បានគាំទ្រការលើកឡើងរបស់ Modric។ បន្ទាប់ពីចប់ការប្រកួតលោក Dalic បាននិយាយថា “អ្នកជំនាញដែលគិតថា អង់គ្លេសនឹងឆ្លងទៅវគ្គផ្តាច់ព្រ័ត្រមិនមែនជាអ្នកជំនាញពិតប្រាកដទេ”៕
