Chelsea គ្រោងតែងតាំងលោក Maurizio Sarri និងគ្រោងចំណាយ៥៧លាន ផោនដើម្បីផ្ទេរ Jorginho ដែលជាគោលដៅរបស់ Man City

          នៅទីបំផុតលោក​ Maurizio Sarri គ្រោងនឹង​ចូល​ជំនួសតំណែងរបស់​លោកAntonio Conte នៅ​ក្លឹប​ Chelsea​ ហើយ។ គ្រូបង្វឹករូបនេះ ក៏​បាន​ដណ្តើម​យក​ខ្សែបម្រើ Jorginho របស់​ក្លឹប Napoli ក្នុងតម្លៃ​៥៧លានផោន​ផងដែរ ខណ:កីឡាករ​រូបនេះគឺជាគោលដៅ​ផ្ទេរ​យូរអង្វែង​របស់​ក្លឹប Man City។

          Chelsea សង្ឃឹមថា នឹង​សម្រេចកិច្ច​ព្រមព្រៀង​ពីរ​ក្នុង​ពេល​តែមួយ​ ដើម្បី​បញ្ចប់​កិច្ច​សន្យា​រយៈ​ពេល​ពីរ​ឆ្នាំ​របស់លោក Conte នៅពហុកីឡាដ្ឋាន Stamford Bridge ហើយ​ត្រៀមរៀបចំ​សម្រាប់រដូវកាល​ថ្មី។

          ប្រធាន​ក្លឹប​ Napoli លោក Aurelio De Laurentiss បាន​ចរចាជាមួយ​ក្លឹប Chelsea ចាប់តាំងពីរ​ដូវកាល​មុន ដោយមាន​ការ​តថ្លៃគ្នា​​នៅពេល​ក្លឹប Chelsea ចង់បាន​គ្រូបង្វឹកលោក​ Sarri ។

          គេជឿថា តម្លៃផ្ទេរ​៥៧​លានផោន​តំណាងឲ្យ​តម្លៃ​សរុប​សម្រាប់​កីឡាករ​​ Jorginho និង​លោក Sarri ដែលក្លឹប Napoli ចង់បាន​សំណង៨លានផោន​។

          លោក De Laurentiss បាន​អះអាងថា កិច្ចព្រមព្រៀង​ទាំង​ពីរ​ស្ថិតក្នុងដំណាក់​កាល​ជឿនលឿន ដោយ​ Jorginho ពេញចិត្ត​រស់នៅទីក្រុងឡុងដ៍​ជាងនៅ​Manchester ។

          ប្រធានក្លឹប Napoli រូបនេះ​បាននិយាយថា “កិច្ចព្រមព្រៀង​របស់​លោក Sarri ស្ថិតក្នុងដំណាក់កាលចុងក្រោយ​ហើយ​។ វាអាស្រ័យលើគាត់។ ហើយខ្ញុំសូមអភ័យទោស​ចំពោះ​ក្លឹប​ Man City។ ទោះបីជា​យ៉ាងណា ប្រសិនបើ​កីឡាករ​ចង់រស់នៅទីក្រុងឡុងដ៍ជាងទីក្រុងម៉េនឆេស្ទ័រ ខ្ញុំអាចយល់ពីបញ្ហា​នេះ”។

          ក្លឹប​​ Man City បាន​ចរចាដើម្បី​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ Jorginho ច្រើន​សប្តាហ៍​មក​ហើយ​ ប៉ុន្តែនៅពេល​នេះត្រូវបរាជ័យ៕

adverise with khmeread