អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវគេថតបាន កំពុងលួចកាបូបដៃរបស់អ្នកដំណើរ

អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយត្រូវបានពិន័យជាប្រាក់ចំនួន ៣២៥ ដុល្លារអាមេរិកពីបទលួចកាបូបដៃមួយ ដែលអ្នកដំណើរភ្លេចនៅលើយន្តហោះ។ នេះបើតាមវេបសាយ tuoitrenews.vn ចេញផ្សាយកាលពីថ្ងៃអង្គារទី១៧កក្កដា។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើជើងហោះហើររបស់ក្រុមហ៊ុន VietJet កាលពីថ្ងៃទី ២៧ ខែមិថុនាមកម៉្លេះ ដែលចាកចេញពីទីក្រុង Nha Trang ភាគខាងត្បូងទៅកាន់ទីក្រុង Hai Phong ភាគខាងជើង។

យោងតាមអាជ្ញាធរគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Cat Bi របស់ទីក្រុង Hai Phong អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន VietJet លោក Nguyen Van Ha បានលួចកាបូបដៃមួយដែលភ្លេចនៅលើយន្តហោះ បន្ទាប់ពីអ្នកដំណើរទាំងអស់បានចុះអស់ពីយន្តហោះ។

គាត់បានលួចវាដោយឆ្លងកាត់ស្គ្រីនត្រួតពិនិត្យសន្តិសុខផ្ទៃក្នុង ដែលគេបម្រុងទុកសម្រាប់តែបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះ ដោយគ្មានអ្នកដឹងនោះឡើយ ប៉ុន្តែក្រោយមកសកម្មភាពរបស់គាត់ត្រូវបានបកអាក្រាត។

អាជ្ញាធរអាកាសយានដ្ឋាន Cat Bi កាលពីថ្ងៃទី ៥ ខែកក្កដាបានពិន័យលោក Ha ជាប្រាក់ចំនួន ៧,៥ លានដុង (៣២៥ ដុល្លារអាមេរិក) ហើយក៏បានពិន័យបុគ្គលិកម្នាក់ដែលទទួលខុសត្រូវលើការត្រួតពិនិត្យសន្តិសុខឯកជនចំនួន ៤ លានដុងផងដែរ (១៧៥ដុល្លារ)។

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៨ អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញបានកត់ត្រាករណីភ្លេចអីវ៉ាន់ចំនួន ៤២៣ លើក។ ក្នុងនោះ មានតែ ១០៨ ករណីប៉ុណ្ណោះនៃអីវ៉ាន់ត្រូវប្រគល់ទៅម្ចាស់ដើមវិញ៕

adverise with khmeread