ទទួលទានអាហារពេលល្ងាចមុនម៉ោង ៩ យប់ កាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាតបានយ៉ាងច្រើន

ការញ៉ាំអាហារពេលល្ងាចមុនម៉ោង ៩ យប់អាចបន្ថយហានិភ័យក្នុងការកើតជំងឺមហារីកសុដន់និងមហារីកក្រពេញប្រូស្តាតដល់ទៅ១ភាគ៥។ នេះបើយោងតាមកាសែត Daily Mail កាលពីថ្ងៃទី ១៨ កក្កដា។

ការសិក្សាមួយទៅលើមនុស្សជាង ៤.០០០ នាក់បានណែនាំថា ការអង្គុយទទួលទានអាហារពេលល្ងាចយ៉ាងហោចណាស់២ម៉ោងមុនពេលចូលគេង អាចកាត់បន្ថយឱកាសនៃការកើតជំងឺមហារីកទាំង២នេះបាន។

ក្រុមអ្នកជំនាញជឿថា ការញ៉ាំអាហារនៅពេលយប់ជ្រៅពេក គឺបណ្តាលឱ្យរលាកនៅក្នុងរាងកាយនិងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល ដែលនេះជាកត្តានាំកើតជំងឺមហារីក។

ជាទូទៅ ជីវិតសម័យទំនើបមនុស្សធ្វើការច្រើនម៉ោងនិងធ្វើដំណើរផ្លូវឆ្ងាយ ដូច្នេះមានន័យថាមនុស្សភាគច្រើនមានទម្លាប់ញ៉ាំអាហាររាងយប់បន្តិច។

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Barcelona Institute for Global Health បានរកឃើញថា ការទទួលទានអាហារមុនម៉ោង ៩ យប់ ធៀបនឹងការញ៉ាំនៅក្រោយម៉ោង ១០ យប់ ជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស និង មហារីកសុដន់ចំពោះស្ត្រីបានជាមធ្យម ១៨ ភាគរយ។ 

បើទទួលទានមុនចូលគេង ២ ម៉ោង (ក្រោមម៉ោង៩យប់) ធៀបនឹងការញ៉ាំភ្លាមចូលគេងភ្លែត ជួយកាត់បន្ថយហានិភ័យក្នុងការកើតមហារីកបានដល់ទៅ ២០ ភាគរយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត