នៅកូរ៉េខាងត្បូង អ្នកចេះលេងហ្គេមគឺមានការងារអាជីពខាងលេងហ្គេមតែម្តង! តោះមកមើលស្តេចហ្គេមបោះបង់ការសិក្សា មកស៊ីប្រាក់ឈ្នួលជិត ៣ លានដុល្លារឱ្យក្រុមហ៊ុនបច្ចេកវិជ្ជា

សិស្សបោះបង់ការសិក្សានៅវិទ្យាល័យម្នាក់ ដែលមានរហស្សនាមថា "Michael Jordan នៃហ្គេម eSports" បានជួយធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាមហាអំណាចខាងវីដេអូហ្គេម ហើយឥឡូវនេះកំពុងតែខិតខំជំរុញឱ្យអំណាចខាងហ្គេមរបស់កូរ៉េខាងត្បូងត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនហ្គេមវីដេអូ។

អ្នកលេងហ្គេមឈ្មោះ Lee Sang-hyeok រហស្សនាម "Faker" គឺជាកំពូលអ្នកលេងហ្គេម League of Legends របស់ពិភពលោក និងនៅក្នុងប្រទេសកូរ៉េខាងត្បូង រូបគេមានកេរ្តិ៍ឈ្មោះល្បីនិងទ្រព្យសម្បត្តិស្រដៀងគ្នាទៅនឹងកំពូលតារាបាល់បោះ ឬ បេស្បលដែរ។

Faker អាយុ ២២ ឆ្នាំ នឹងជាតារាហ្គេមល្បីឈ្មោះបំផុតមួយរូបនៅខែក្រោយនេះ ដែលចូលរួមក្នុងអូឡាំពិកក្នុងតំបន់ គឺការប្រកួត Asian Games រាល់បួនឆ្នាំម្តង នៅឥណ្ឌូនេស៊ី កន្លែងដែលហ្គេមវីដេអូ eSports នឹងរៀបចំព្រឹត្តិការណ៍ហ្គេមជាលើកដំបូង។

វាគឺជាការបោះជំហានទៅមុខនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ហ្គេមវីដេអូដើម្បីឱ្យគេចាត់ទុកជាកីឡាពិតប្រាកដមួយ និងអាចនឹងទទួលកន្លែងមួយនៅឯកីឡាអូឡាំពិកនាពេលអនាគតផងដែរ ហើយនេះជាដំណឹងល្អសម្រាប់ជើងខ្លាំងខាងហ្គេម eSports សកលលោក ដូចជាកូរ៉េខាងត្បូង។

កូរ៉េខាងត្បូងគឺជាប្រទេសដែលមានអ៊ីនធឺណេតលឿនផុតលេខនិងកំពុងដុះដាលវប្បធម៌អ៊ីនធឺណេតយ៉ាងរស់រវើក និងហាងអ៊ីនធឺណេតនានា ដែលបំពាក់កុំព្យូទ័រខ្លាំងក្លាបច្ចេកវិជ្ជាខ្ពស់ចុងក្រោយដើម្បីទាក់ទាញអ្នកលេងហ្គេមនៅអាយុសិក្សា គឺ ឃើញមាននៅគ្រប់ដងផ្លូវទាំងអស់។

"អ្នកលេងហ្គេម eSports" ត្រូវបានចាត់ទុកជាការងារអនាគតដ៏ពេញនិយមបំផុតមួយក្នុងចំណោមក្មេងៗ ដោយជាប់លេខ ៨ ក្នុងការអង្កេតរបស់ក្រសួងអប់រំទៅលើសិស្សសាលាបឋមកាលពីឆ្នាំមុន គឺខ្ពស់ជាង "ការងារជាអ្នកវិទ្យាសាស្រ្ត" ទៅទៀត។

Faker បានចាប់ផ្តើមលេងហ្គេមវីដេអូពេលនៅរៀនសាលាបឋមសិក្សានិងពូកែបំផុតខាងហ្គេម League of Legends ដែលជាហ្គេមប្រយុទ្ធគ្នាតាមអនឡាញ ណែនាំដោយក្រុមហ៊ុន Riot Games ក្នុងឆ្នាំ ២០០៩ ។

ខណៈដែលរូបគេបានឡើងកម្រិតនៅក្នុងតារាងចំណាត់ថ្នាក់ LoL តាមអនឡាញ ការឆ្ងល់ចង់ដឹងអំពីអត្តសញ្ញាណពិតរបស់គេចាប់ផ្តើមកើនឡើងខ្លាំង ហើយរូបគេបានបង្កើតក្រុមមួយជាមួយមិត្តភក្តិដើម្បីចូលរួមការប្រកួតហ្គេមមួយ។

Faker បានបោះបង់ការសិក្សានៅវិទ្យាល័យបន្ទាប់ពីត្រូវបានគេផ្តល់ការងារអាជីពខាងលេងហ្គេម ដោយបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៣ និងបានផ្តួលអ្នកលេងហ្គេមកំពូលៗជាបន្តបន្ទាប់រហូតដល់រូបគេក្លាយជាតារារះមួយដួងខាងលេងហ្គេម។

ក្រុមហ៊ុនល្បីៗរបស់កូរ៉េខាងត្បូងភាគច្រើនគឺមានក្រុមលេងហ្គេម eSports ផ្ទាល់ខ្លួនរបស់ពួកគេ ដោយ Faker ត្រូវគេជឿថា ស៊ីប្រាក់ឈ្នួលក្នុងមួយឆ្នាំយ៉ាងតិចណាស់ ៣ ពាន់លានវ៉ុន (២,៦៣ លានដុល្លារ) នៅក្រុមហ៊ុន SK Telecom ជាក្រុមហ៊ុនសេវាអ៊ីនធឺណេតកំពូលរបស់កូរ៉េខាងត្បូង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត