គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៤ លើកនៅខេត្តព្រះសីហនុរបួស ២ នាក់

​ព្រះសីហនុ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៤លើក នៅខេត្តព្រះសីហនុជាបន្តបន្ទាប់​ បណ្តាលឱ្យរបួស២នាក់​ ដែលករណីខាងលើនេះសមត្ថកិច្ច បានអំពាវនាវដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលបើកបរ​ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងមាត់​។ 

​ករណីទី១-មាន រថយន្តកុងតឺន័រពណ៌ក្រហម មួយគ្រឿងស្លាកលេខព្រះសីហនុ 3A-1074 បានជ្រុលបុកប៉ះពីក្រោយរថយន្តទំនើបមួយគ្រឿង ស្លាកលេខភ្នំពេញ 2AR -2217 រួចហើយរថយន្តតូចនេះក៏ជ្រុលទៅប៉ះពីក្រោយរថយន្តមួយគ្រឿងផ្សេងទៀត (មិនស្គាល់អត្តសញ្ញាណ) នៅចំណុចជិតផ្លូវបំបែកស្ថានីយ៍រថភ្លើង ក្រុងព្រះសីហនុ វេលាម៉ោង២រសៀលថ្ងៃ២១ កក្កដា ២០១៨។ 

​សមត្ថកិច្ចនិយាយថា​ គ្រោះថ្នាក់នេះ បណ្តាលឱ្យរថយន្តរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ក្រោយកើតហេតុ រថយន្តទី៣ដែលនៅខាងមុខគេមួយគ្រឿងទៀតនោះ មិនបានឈប់ដោះស្រាយរកខុសត្រូវអ្វីទេ​។ ចំណែកបុរសម្នាក់ដែលសមត្ថកិច្ចសង្ស័យថាជាអ្នកបើករថយន្តកុងតឺន័របង្កហេតុ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននាំយកទៅសាកសួរនៅការិយាល័យប៉ូលីសចរាចរណ៍ខេត្ត។ 

​ករណីទី២-មានរថយន្តកុងតឺន័រមួយគ្រឿងស្លាកលេខព្រះសីហនុ 3A-0549 ទំនងជាដាច់ហ្វ្រាំងពេលចុះពីផ្លូវចំណោតលោកយាយម៉ៅ ​បានជ្រុលបុករះប៉ះរថយន្ត២គ្រឿង និងប៉ះម៉ូតូប៉ូលិសមួយគ្រឿងទៀត មុននឹងបុកចូលប៉ុស្តិ៍ប៉ូលិសចរាចរណ៍ (P4) ផ្លូវបំបែករ៉ា ក្រុងព្រះសីហនុវេលាម៉ោងជិត២រសៀលថ្ងៃ២១ កក្កដា ២០១៨។ 

​សមត្ថកិច្ចនិយាយថា​គ្រោះថ្នាក់នេះ បណ្តាលឱ្យខូចខាតរថយន្តនិងម៉ូតូ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រត្រូវបានប៉ូលិស ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់។ 

​ករណីទី៣-មាន រថយន្តស្ទូចមួយគ្រឿង ​ស្លាកលេខ ភ្នំពេញ 3E- 0932 បើកបរដោយឈ្មោះ នួន ភារ៉ូត ភេទប្រុស អាយុ​២ឆ្នាំ មានទីលំនៅ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបុកបង្គោលភ្លើងបំភ្លឺកណ្តាលទ្រូងផ្លូវ រួចហើយក្រឡាប់នៅស្ពានអូរសំអាតផ្លូវឯករាជ្យក្រុងព្រះសីហនុវេលាម៉ោងជិត១០ព្រឹកថ្ងៃ២១ កក្កដា ២០១៨។ 

​សមត្ថកិច្ចនិយាយថា​ គ្រោះថ្នាក់នេះបណ្តាលឱ្យបុរសជនជាតិម្នាក់ជិះម៉ូតូម៉ាក Air Blade ពណ៌ទឹកក្រូច+ខ្មៅ គ្មានស្លាកលេខ រងរបួស ដោយសាររថយន្តក្រឡាប់ទៅប៉ះ 
ត្រូវបាននាំទៅសង្គ្រោះភ្លាមៗដែរ។ មូលហេតុ អ្នកបើកបររថយន្តស្ទូចនេះ ត្រូវបាន​សមត្ថកច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន។ 

​ករណីទី៤-មានរថយន្តតូចមួយគ្រឿងក្រឡាប់ដោយខ្លួនឯង នាថ្ងៃទី២០ កក្កដា ២០១៨​ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ នៅចន្លោះ គីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតក្នុងភូមិ​តានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ពេលបើកបរមានទិសដៅចូលទៅក្រុងព្រះសីហនុ។

​សមត្ថកិច្ចនិយាយថា​ ថា រថយន្ត ម៉ាកស្តារ៉ិច ពណ៌ស ពាក់ស្លាកលេខ 2AQ 2641 បើកបរដោយជនជាតិចិន ឈ្មោះចិន ធៀនហ្វា ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភ្នំពេញ (របួសស្រាល) មកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនបណ្តាលឱ្យក្រឡាប់ទៅខាងស្តាំដៃ បាក់បង្គោលចំណាំងផ្លាតអស់ចំនួន០៣ដើម។  

​រថយន្តបង្កត្រូវបានខាងប៉ូលិសស្រុកព្រៃនប់ យកទៅរក្សាទុកដោះស្រាយបន្ត៕

adverise with khmeread