បាតុភូតចន្ទគ្រាសដ៏អស្ចារ្យនិងយូរបំផុតប្រចាំសតវត្សរ៍ទី២១នឹងកើតឡើងនៅថ្ងៃទី ២៧ កក្កដា ស្របពេលដែលផែនដីនិងភពអង្គារស្ថិតនៅទល់មុខគ្នា

ព្រះចន្ទនឹងបាត់ស្រមោលរយៈពេល ៦ ម៉ោងនៅសប្តាហ៍ក្រោយ នៅក្នុងបាតុភូតចន្ទគ្រាសដ៏យូរបំផុតប្រចាំសតវត្សរ៍ទី ២១ នេះ។

ចន្ទគ្រាសនេះនឹងអាចមើលឃើញទូទាំងកម្ពុជា ចាប់ពីថ្ងៃទី ២៧ កក្កដាដល់ថ្ងៃទី ២៨ កក្កដានៅចន្លោះពាក់កណ្តាលអាធ្រាត្រ និង ម៉ោង ៦ ព្រឹក។ 

ទូរទស្សន៍ Thai PBS របស់ថៃបានរាយការណ៍ថា ដំណាក់កាលរាហ៊ូចាប់ចន្ទទាំងស្រុងឬលេបព្រះចន្ទទាំងស្រុងនឹងមានរយៈពេល ១០០ នាទី។ រាហ៊ូចាប់ចន្ទទាំងស្រុង ដែលមានរយៈពេលខ្លីជាងគេប្រចាំសតវត្សរ៍នេះគឺ ៥ នាទីកាលពីឆ្នាំ ២០១៥។  

លោកបណ្ឌិត Sarun Posayachinda នាយកវិទ្យាស្ថានជាតិស្រាវជ្រាវតារាសាស្ត្រ បាននិយាយថា បាតុភូតតារាសាស្ត្រ៣នឹងកើតឡើងនៅរាត្រីចន្ទគ្រាស ថ្ងៃទី ២៧ កក្កដា។

លោក Sarun Posayachinda និយាយថា "ចន្ទគ្រាសមួយចំណិតនឹងកើតឡើងមុនគេ បន្ទាប់មកទើបចន្ទគ្រាសទាំងស្រុងកើតឡើងតាមក្រោយ ដែលបាតុភូតនីមួយៗមានរយៈពេល ៦៦ នាទី។ ដូច្នេះការចាប់ផ្ដើមរហូតដល់ទីបញ្ចប់ ចន្ទគ្រាសនឹងមានរយៈពេលជិត ៤ ម៉ោងឆ្លងកាត់ក្រោមស្រមោលងងឹតរបស់ផែនដី។ ភពអង្គារមានពន្លឺភ្លឺខ្លាំងនិងមានពណ៌ក្រហមពេញមួយខែកក្កដានិងសីហាឆ្នាំនេះតែម្តង ប៉ុន្តែរាត្រីចន្ទគ្រាសនេះនឹងមានលក្ខណៈពិសេសខ្លាំង"។

លោកបន្តថា "ចន្ទគ្រាសនឹងកើតមានឡើងនៅយប់តែមួយដែលផែនដីកំពុងឆ្លងកាត់រវាងព្រះអាទិត្យនិងភពអង្គារ ដោយដាក់ភពអង្គារនៅទល់មុខផែនដីនៅឯជើងមេឃតែម្តង។ អ្វីដែលចៃដន្យដ៏អស្ចារ្យនៅលើផ្ទៃមេឃ គឺថា ការដែលផែនដីនៅទល់មុខជាមួយភពអង្គារនឹងកើតឡើងនៅថ្ងៃទី២៧ កក្កដាផងដែរ។ វាមិនមែនគ្រាន់តែជាការនៅទល់មុខនឹងភពអង្គារធម្មតានោះទេ ប៉ុន្តែជាការនៅទល់មុខភពអង្គារដ៏អស្ចារ្យបំផុតចាប់តាំងពីឆ្នាំ ២០០៣"។
 
ទោះបីចន្ទគ្រាសមានរយៈពេលយូរបំផុតក៏ពិតមែន ប៉ុន្តែលោក Sarun Posayachinda បាននិយាយថា ព្រះចន្ទនឹងមានទំហំតូចជាងធម្មតាពីព្រោះវានឹងស្ថិតនៅចំណុចឆ្ងាយបំផុតពីផែនដីក្នុងឆ្នាំនេះ គឺនៅចម្ងាយ ៤០៦.០០០ គីឡូម៉ែត្រពីផែនដី។ គាត់បានកត់សម្គាល់ថា រាត្រីចន្ទគ្រាសនោះគឺជាឱកាសដ៏ល្អបំផុតដើម្បីសង្កេតមើលភពអង្គារ នៅពេលវាស្ថិតនៅកៀកផែនដីត្រឹម ៥៧,៦ លានគីឡូម៉ែត្រប៉ុណ្ណោះ ដែលជាចម្ងាយជិតបំផុតក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។ ចម្ងាយមធ្យមពីផែនដីនិងភពអង្គារ​គឺប្រហែល ២២៥ លានគីឡូម៉ែត្រ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត