យប់នេះរាហ៊ូចាប់ចន្ទទាំងស្រុងមានរយៈពេល១០០នាទីយូរបំផុតប្រចាំសតវត្សរ៍ទី២១ តែពេលចាប់ផ្តើមលេបនិងខ្ជាក់មានរយៈពេលដល់ទៅ៦ម៉ោង

"ព្រះចន្ទឈាម" ឬចន្ទគ្រាសក្រហម (រាហ៊ូចាប់ចន្ទ) នឹងមកដល់ទន្ទឹមគ្នាជាមួយនឹងភពអង្គារ (អាទិទេពសង្គ្រាម) ដោយបញ្ចេញពន្លឺភ្លឺខ្លាំងជាងពេលណាៗទាំងអស់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

រាហ៊ូចាប់ចន្ទយូរជាងគេបំផុតប្រចាំសតវត្សរ៍ទី២១ ត្រូវគេរំពឹងថានឹងកើតឡើងនៅថ្ងៃសុក្រទី ២៧ ខែកក្កដា (ម៉ោង១២យប់ដល់៦ព្រឹក ឈានចូលថ្ងៃទី២៨កក្កដា)។ ម៉ោង ១២ យប់នេះតទៅគឺជាការចាប់ផ្តើមលេប ហើយរយៈពេលរាហ៊ូចាប់ចន្ទទាំងស្រុងគឺ១០០នាទី និងទម្រាំវាខ្ជាក់អស់ សរុបទៅគឺអូសបន្លាយពេលដល់ទៅ ៦ ម៉ោង។ 

ខណៈដែលវាស្ថិតនៅស្របគ្នាជាមួយផែនដីនិងព្រះអាទិត្យ ព្រះចន្ទនឹងប្រែជាខ្មៅងងឹត រួចហើយប្រែទៅជាពណ៌ឈាម ឬ ក្រហមព្រឿងៗ។

បាតុភូតនេះបានធ្វើឱ្យបុព្វបុរសយើងជំនាន់មុនៗមានការភ័យខ្លាចនិងសព្វថ្ងៃនៅប្រទេសមួយចំនួនមនុស្សនៅតែចាត់ទុកបាតុភូតនេះជាប្រផ្នូលនាំមកនូវក្តីវិនាសអន្តរាយដល់ភពផែនដី។

តាមការពិតទៅ បាតុភូតនេះត្រូវបានបង្កឡើងដោយពន្លឺព្រះអាទិត្យចាំងចូលតាមបរិយាកាសរបស់ផែនដី ដូច្នេះពណ៌ក្រហមនឹងលេចឡើងខ្លាំង នៅពេលពន្លឺនេះទៅដល់ផ្ទៃព្រះចន្ទ។

ភពអង្គារនឹងបន្ថែមពីលើទស្សនីយភាពដ៏អស្ចារ្យនេះ ព្រោះវានឹងលេចឡើងនៅក្រោមព្រះចន្ទក្រហមនៅចម្ងាយកៀកបំផុតនិងបញ្ចេញពន្លឺភ្លឺបំផុតមិនធ្លាប់មានពីមុនមក។ 

លើកចុងក្រោយដែលភពក្រហមនេះមានទំហំធំជាងមុននិងភ្លឺជាងមុន គឺក្នុងឆ្នាំ ២០០៣  នៅពេលដែលចម្ងាយរវាងភពអង្គារនិងផែនដីនៅកៀកគ្នាបំផុតត្រឹម ៥៦ លានគីឡូម៉ែត្រ។ ចម្ងាយជាមធ្យមគឺ ២២០ លានគីឡូម៉ែត្រ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត