រឿងមិនគួរឱ្យជឿ! បុរសម្នាក់ត្រូវវេជ្ជបណ្ឌិតកាត់ដៃជើងចោល ដោយសារឆ្កែសំណព្វចិត្តលិឍដៃជើងរបស់គាត់ហើយបង្កឱ្យឆ្លងមេរោគពីទឹកមាត់របស់វា

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាបុរសម្នាក់មកពីរដ្ឋ Wisconsin ត្រូវបានកាត់អវយវៈទាំងអស់របស់គាត់ចេញ នៅពេលគាត់ឆ្លងមេរោគក្នុងឈាមដ៏កម្រមួយពីទឹកមាត់ឆ្កែរបស់គាត់។

លោក Greg Manteufel បានគិតថា គាត់មានជំងឺគ្រុនផ្តាសាយធម្មតា ហើយបានទៅមន្ទីរពេទ្យកាលពីខែមុន ប៉ុន្ដែបែរជារកឃើញថាខ្លួនរបស់គាត់ត្រូវបានបំផ្លាញដោយមេរោគ Capnocytophaga Canimorsus ដែលជាប្រភេទបាក់តេរីរកឃើញក្នុងទឹកមាត់សត្វឆ្កែ និងឆ្មា។ វាអាចកើតឡើងក្នុងករណីកម្រណាស់ ហើយអាចឆ្លងចូលចរន្តឈាម តាមរយៈលិឍ ខាំ ឬការប៉ះពាល់ជិតស្និទ្ធផ្សេងទៀត។

ប្រពន្ធរបស់គាត់ឈ្មោះ Dawn Manteufel បានប្រាប់ទៅ Fox 6 ថា "បាក់តេរីវាយប្រហារមកលើគាត់។ ខ្លួនរបស់គាត់ឡើងជាំទាំងអស់ ។ ហើយមើលទៅហាក់ដូចជានរណាម្នាក់វាយគាត់ជាមួយនឹងដំបងអ៊ីចឹង"។

ក្នុងរយៈពេលមួយសប្តាហ៍គ្រូពេទ្យបានប្រាប់គាត់ថា ពួកគេត្រូវកាត់ដៃជើងរបស់គាត់ដោយសារតែជំងឺនេះ ដែលបណ្តាលឱ្យសម្ពាធឈាមរបស់លោក Manteufel មានអាយុ ៤៨ ឆ្នាំធ្លាក់ចុះ ហើយចរន្តឈាមរបស់គាត់បានថយចុះគួរឱ្យកត់សម្គាល់។

វេជ្ជបណ្ឌិត Silvia Munoz-Price អ្នកឯកទេសខាងជំងឺឆ្លងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Wisconsin បាននិយាយថា "ជួនកាលវាថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យដៃ និងជើងស្លាប់" ។

នៅទីបំផុតវេជ្ជបណ្ឌិតបានបង្ខំចិត្តកាត់ដៃជើងរបស់គាត់ ហើយបន្ទាប់មកកាត់ពាក់កណ្តាលកំពួនដៃទាំងសងខាងរបស់គាត់ថែមទៀត។

ហើយវេជ្ជបណ្ឌិតបានជឿថាបាក់តេរី ដែលឆ្លងទៅលើ Manteufel គឺបានមកពីសត្វឆ្កែសំណព្វ Ellie របស់គាត់៕

adverise with khmeread