1

ដំណឹង​ល្អ​សម្រាប់ Fan កាំភ្លើង​ធំ​! លោក Usmanov បាន​បង្កើន​ភាគហ៊ុនរ​បស់​គាត់​នៅ​ក្លឹប​ដល់ ៣០% ហើយ​

​មហាសេដ្ឋី​ពាន់​លាន​ជនជាតិ​រុស្ស៊ី​ដើមកំណើត​អ៊ូ​បេ​គី​ស្ថាន​លោក Alisher Usmanov បាន​បង្កើន​ឥទ្ធិពល​របស់គាត់​នៅ​ក្លឹប Arsenal បន្ទាប់ពី​ទិញ​ប័ណ្ណ​ភាគហ៊ុន​ចំនួន ១៨.៦៩៥ សន្លឹក​ដោយ​ធ្វើ​ឲ្យ​គាត់​កាន់​ភាគហ៊ុន​គ្រប់គ្រង​នៅ​ក្លឹប​នេះ​រហូតដល់​ទៅ ៣០,០៤ ភាគរយ​។​

​គាត់​បាន​វ៉ា​ដាច់​ភាគហ៊ុន​ប្រភេទ​ក្រហម​និង​ស​របស់លោក Farhad Moshiri ហើយ​ចំណាត់ការ​ថ្មី​នេះ​មានន័យថា សេដ្ឋី​វ័យ ៦២ ឆ្នាំ​រូបនេះ​បាន​ពង្រឹង​តួនាទី​របស់លោក​ជា​ម្ចាស់​ភាគហ៊ុន​ធំ​លំដាប់​ទី​ពីរ​នៅ​ក្លឹប​ដោយ​ស្ថិតនៅ​ពីក្រោយ​លោក Stan Kroenke​។​

​និយាយ​អំពី​ការអភិវឌ្ឍ​ថ្មីៗ​នេះ​នៅ​កីឡដ្ឋាន Emirates លោក Usmanov បាន​និយាយថា "​ខ្ញុំ​ប្តេជ្ញា​ចំពោះ Arsenal ហើយ​ខ្ញុំ​មាន​មោទនៈភាព​ដែល​នឹង​រក្សា​ការកាន់កាប់​របស់ខ្ញុំ​ជា​អ្នកវិនិយោគ​រយៈពេល​យូរ​ម្នាក់ ហើយ​គ្រួសារ​របស់ខ្ញុំ​នឹង​រីករាយ​និង​ទទួលបាន​អត្ថប្រយោជន៍​រាប់​ជំនាន់​ខាងមុខ​"​។​

​លោក Usmanov ដែលមាន​ទ្រព្យសម្បតិ្ត​ដល់​ទៅ ៩,២ ពាន់​លាន​ផោន​បើ​យោងតាម​ប​ញ្ចី​អ្នកមាន​របស់​ទស្សនាវដ្ដី Forbes បាន​បន្ថែមទៀតថា "​ខ្ញុំ​ចង់​ឲ្យ Arsenal ក្លាយជា​ក្រុម​ខ្លាំង ហើយ​ខ្ញុំ​បាន​ត្រៀម​ដើម្បី​ធ្វើ​អ្វីដែល​ចាំបាច់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាពជោគជ័យ​ដល់​ក្លឹប​"​។​

​ដំណឹង​នេះ​ហាក់ដូចជា​មិនត្រូវ​បាន​ស្វាគមន៍​ដោយ​លោក Kroenke នោះទេ ដែល​លោក​បាន​បំបាក់​លោក Usmanov ក្នុង​គ្រប់គ្រង Arsenal ក្នុង​ឆ្នាំ ២០១១ ហើយ​ឥឡូវ​រឿងនេះ​ត្រូវបាន​យល់ថា ម្ចាស់​ភាគហ៊ុន​ធំ​រូបនេះ​មាន​គម្រោង​រក្សា​ភាគហ៊ុន ៦៧% ជាមួយ​គ្រួសារ​របស់គាត់​។​

​លោក Usmanov ដែល​បាន​បង្កើន​ទ្រព្យសម្បត្តិ​របស់គាត់​តាមរយៈ​ការវិនិយោគ​ក្នុង​ឧស្សាហកម្ម​លោហៈធាតុ ឧស្សាហកម្ម​រុក​រ៉ែ ប្រព័ន្ធ​ទូរគមនាគមន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ចូល​ពិភព​បាល់ទាត់​ក្នុង​ឆ្នាំ ២០០៧ ដោយ​ចាប់ផ្តើម​ទទួលបាន​ភាគហ៊ុន ១៤,៥៨% នៅ​ក្រុម​កាំភ្លើង​ធំ​។​

​ក្នុង​ឆ្នាំ ២០១២ គាត់​បានធ្វើ​ការរិះគន់​ចំពោះ​ក្លឹប​ថា​ខ្វះ​មហិច្ឆតា​និង​បាន​សរសេរ​លិខិត​បើកចំហ​មួយ​ដោយ​សម្តែង​នូវ​ការព្រួយបារម្ភ​របស់គាត់​បន្ទាប់​ការលក់​កីឡាករ Robin van Persie ទៅ​ឲ្យ​ក្រុម Manchester United​។​

​មួយខែ​បន្ទាប់ពី​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ Van Persie គាត់​បាន​រំលឹក​ការយល់ឃើញ​របស់គាត់​ថា "​នយោបាយ​គ្រប់គ្រង​របស់​ក្លឹប​បច្ចុប្បន្ន​" ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ​នៃ​បរាជ័យ​ក្នុងការ​ឈ្នះ​ពានរ​បស់ Arsenal៕

ប្រភព៖ ដេលីមែល

មតិយោបល់