adverise with khmeread Image1

ភ្ជួរដីចម្ការ​ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​បុរាណ​ប្រវែង​ពីរ​ម៉ែត្រ​

        ​បាត់ដំបង ៖ ខណៈ​កសិករ​ម្នាក់​កំពុង​ភ្ជួរ​ដី​លើដី​ចម្ការ​មួយកន្លែង​ដើម្បី​ដាំ​ដុះ​ផលដំណាំ​ជាច្រើនលើក​ច្រើនសា​មកហើយ  បែរជា​ត្រូវ​ប្រទះឃើញ​ក្តារ​មឈូស​ដ៏​ចាស់ជរា ព្រមទាំង​មាន​គ្រោងឆ្អឹង​មនុស្ស ដែល​គេ​សង្ស័យថា​ជា​មនុស្ស​កាលពី​សម័យ​ដើម​។ ទ្រង់ទ្រាយ​នៃ​គ្រោងឆ្អឹង​នោះ​គឺមាន​កំពស់​រហូតដល់​ពីរ​ម៉ែត្រ និង​មាន​ទំហំ​ធំៗ​ថែម​ទៀតផង​។​


 
​    ​ការប្រទះឃើញ​នេះ​គឺ​ខណៈដែល​ម្ចាស់​ចំការ​ភ្ជួរ​ដី​ដើម្បី​ដាំ​ដុះ​។ ហេតុ​កាណ៍​ភ្ញាក់ផ្អើល​នេះ​គឺ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅនេះ នៅត្រង់ចំណុច​ភ្នំ​ខ្មោច  ស្ថិត​ក្នុងភូមិ​ដំណាក់​ចេក  ឃុំ​សិរី​មានជ័យ  ស្រុក​សំពៅ​លូន  ខេត្តបាត់ដំបង​ដោយមាន​ចម្ងាយ​ពី​ទីរួមស្រុក​ប្រមាណ​១០​គីឡូម៉ែត្រ តាមផ្លូវ​ដល់​ជនបទ​ដាច់ស្រយាល​។​

        ​លោក ឡេង ម៉េ​ត អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់​ដីចម្ការ​នេះ​បាន​និយាយថា​ដីចម្ការ​របស់គាត់​
​បាន​កាន់កាប់ និង​ភ្ជួរ​រាស់​ដាំ​ដំណាំ​ជាច្រើនលើក​ច្រើនសា​មកហើយ គឺ​មានន័យថា​
​គាត់​បានធ្វើ​ចម្ការ​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ ។  ប៉ុន្តែ​មិនដែល​បាន​ជួបប្រទះ​អ្វីដែល​ប្លែក​
​នោះទេ ។ ទើបតែ​ពេលនេះ​ក៏មាន​ការភ្ញាក់ផ្អើល ដោយសារតែ​ការ​ភ្ជួរ​ដី​នេះ​គឺមាន​ជម្រៅ​
​ប្រហែល ៤​តឹក (៤​សង់ទីម៉ែត្រ​) ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​មាន​ឈើ​និង​បន្ទះក្តារ​ដែលមាន​
​សភាព​ពុកផុយ​អស់​ទៅហើយ​។ លុះ​ពិនិត្យ​មើលទៅ​ទើប​ដឹងថា​គឺជា​ក្តារ​មឈូស ប៉ុន្តែ​វា​ខុសប្លែក​ត្រង់​ថា  មឈូស​នេះ​មាន​បណ្តោយ​វែង​ខុសពី​ធម្មតា​។​

        ​លោក​ឡេង ម៉េ​ត​បន្តថា ក្រោយពី​មានការ​ភ្ញាក់ផ្អើល​នោះ​រួចមក ប្រជាពលរដ្ឋ​ដែល​ធ្វើ​
​ចម្ការ​នៅ​ទីនោះ​ទាំងអស់គ្នា​ក៏បាន​នាំគ្នា​មក​ចោមរោម​មើល ហើយក៏​បានគាស់​កកាយ​ដី​បំបើង​ចេញមក​ក៏បាន​ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​ដែលមាន​ទំហំ​ធំៗ  និង​មាន​ប្រវែង​
២​ម៉ែត្រ​។ មិន​ត្រឹម​តែមាន​គ្រោងឆ្អឹង​ប៉ុណ្ណោះ​ទេ  ថែមទាំង​មាន​ក្អម​បុរាណ​ដែល​បែកបាក់​
​កាំបិត​មួយ និង​កងដៃ​គុជ​ចំនួន​ពីរ​ទៀត​។​


     
​    ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ប្រកបមុខរបរ​ធ្វើ​ចម្ការ​នៅក្នុង​តំបន់​នោះបាន​និយាយថា  នៅលើ​ទីតាំង​ខាងលើ​គឺមាន​ផ្នូរ​បុរាណ​ជាច្រើន​ដែល​នៅ​សេសសល់ ថែមទាំង​មាន​ថ្ម​
​ប្រាសាទ​បាក់បែក​ជាច្រើន​ទៀត ដែល​បន្សល់​នៅ​ទីនោះ​។ 


​    ​ដោយឡែក​ចំពោះ​ម្ចាស់​ចម្ការ​បាន​ប្រមូលយក​ធាតុ​ទាំងនោះ​ទៅ​រក្សាទុក​នៅលើ​ព្រះ​ភូមិ​របស់គាត់​ដែល​តម្កល់​នៅក្នុង​ដី​ចម្ករ​របស់គាត់​ដើម្បី​សុំ​សេចក្តីសុខ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ។​


     
​    ​ម្ចាស់​ចម្ការ​បាន​បន្តទៀត​ថា  ការប្រទះឃើញ​ឆ្អឹង​ដែល​សង្ស័យថា​ជា​មនុស្ស​សម័យ​ដើម​នេះ​គឺ​គាត់​មិន​ហ៊ាន​រាយការណ៍​ទៅខាង​ជំនាញ​ឲ្យ​ដឹង​នោះឡើយ  ដោយ​គាត់​មានការ​បារម្ភ​អំពី​ការ​ចុះមក​ស្រាវជ្រាវ​ដែល​អាច​ប៉ះពាល់​ដល់​ដីចម្ការ​របស់គាត់ ទើប​គាត់​មានការ​
​លាក់លៀម​នូវ​អាថ៌កំបាំង​នេះ​មិន​ប្រាប់​អ្នកណា​ក្រៅពី​អ្នកភូមិ​ដែល​បានឃើញ និង​ដឹង​រឿងនេះ​តែប៉ុណ្ណោះ ៕

adverise with khmeread

មតិយោបល់