មិនទាន់ប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយផង Galaxy Note 9 ច្រឡំលោតលើវេបសាយ Samsung មួយភ្លែត

ក្រុមហ៊ុន Samsung បានច្រឡំចេញផ្សាយរូបភាពទូរស័ព្ទ Galaxy Note 9 របស់ខ្លួនដោយចៃដន្យនៅលើវេបសាយរបស់ខ្លួនកាលពីថ្ងៃទី ៣ សីហា ខណៈការបង្ហាញជាផ្លូវការមិនទាន់មកដល់នៅឡើយរហូតដល់សប្តាហ៍ក្រោយ។

រូបភាព ដែលបង្ហាញពីការរចនាម៉ូតចុងក្រោយបំផុតនៃស្មាតហ្វូនដែលមិនទាន់បានប្រកាសជាផ្លូវការនេះ ត្រូវបានដកចេញពីវេបសាយវិញយ៉ាងលឿន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រភ្នែកមៀម អាចថតយករូបភាពផ្សាយពាណិជ្ជកម្មជាផ្លូវការនោះ ដែលមានចំណងជើងថា "សូមនិយាយសួស្តីទៅកាន់ កំពូលថាមពល" ។

រូបភាពរបស់ក្រុមហ៊ុន Samsung នេះបានបញ្ជាក់ពីព័ត៌មានលម្អិតជាច្រើនអំពីទូរស័ព្ទស្មាតហ្វូននេះ រួមទាំងការពិតដែលថា ទូរស័ព្ទនេះនឹងមានរន្ធដោតកាសទំហំ ៣,៥ មិល្លីម៉ែត្រ។

ក្រុមហ៊ុន Apple បានបង្កឱ្យមានភាពចម្រូងចម្រាស់នៅពេលក្រុមហ៊ុនបានសម្រេចចិត្តដកចេញរន្ធដោតកាសស្តង់ដារឧស្សាហកម្ម ជាមួយនឹងប្រភេទទូរស័ព្ទ iPhone របស់ខ្លួនកាលពីខែកញ្ញាឆ្នាំ ២០១៦ ដែលជាចំណាត់ការមួយ ត្រូវបានអនុវត្តតាមដោយក្រុមហ៊ុនផលិត Hardware ជាច្រើនផ្សេងទៀតដូចជា ក្រុមហ៊ុន Google និងក្រុមហ៊ុន HTC ជាដើម។

ក្រុមហ៊ុន Samsung គ្រោងនឹងបង្ហាញជាផ្លូវការនូវស្មាតហ្វូន Note 9 របស់ខ្លួនក្នុងអំឡុងព្រឹត្តិការណ៍មួយនៅថ្ងៃទី ៩ ខែសីហានៅសង្កាត់ប្រូកគ្លីន ទីក្រុងញូវយ៉ក៕ 


 

adverise with khmeread