adverise with khmeread C40e950d b229 41b3 898a 8a2d5c2162a5

បុរស​ដែលដក​កាំភ្លើង​បាញ់​ជា​ទាហាន​ផ្កាយ​១​ក្រសួងការពារជាតិ​

     ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាញ់​គំរាម​អ្នករត់ម៉ូតូឌុប​គឺជា​ទាហាន​ពាក់​ផ្កាយ​១​នៅ​ក្រសួងការពារជាតិ បើករថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម បង្កការភ្ញាក់ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ស្ទើរ​ពាក់កណ្តាល​ក្រុង គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច ។​
   

 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​២០០៤ តែ​មន្ត្រី​ទាហានរូបនោះ​ព្យាយាម​បើករថយន្ត​ឈប់​ទុកចោល​ចូលក្នុង​ផ្ទះ រហូត​ក្បែរ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

          ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា បុរស​ជា​ទាហាន​ពាក់​ផ្កាយ​១​ដែល​បាញ់​នោះ​មានឈ្មោះ ហេង ធ្វើការ​នៅ​ក្រសួងការពារជាតិ ។ ចំណែកជនរងគ្រោះ​មានឈ្មោះ វី អាយុ​២៧​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

          បើតាម​សម្តី​រៀបរាប់​ពី​បុរសរងគ្រោះ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​វីវ៉ា ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខភ្នំពេញ 1I-2354 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ឆ្លងទៅ​ផ្លូវ​លេខ​២៧១ ។​

     ពេលនោះ​ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស ៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02 2-6882 ជិះ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ល្បឿន​លឿន​កៀរ​គាត់​បណ្តាលឱ្យ​ដួល ។ ពេលនោះ​គាត់​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម និង​យកដៃ​ទះ​រថយន្ត​ហើយ​និយាយថា "​ម៉េច​ក៏​បើករថយន្ត​មិនដឹង​អីចឹង "​។​

    ឮដូចនេះ​បុរស​ជា​ទាហាន​ពាក់​ផ្កាយ​១​ម្នាក់​នោះ បាន​យក​កាំភ្លើងខ្លី​អា​មេ រួច​បាញ់​សំដៅ​មកលើ​គាត់​ចំនួន​១​គ្រាប់ ប៉ុន្តែ​គាត់​ឃើញ​ទាន់​គេចផុត​ដោយ​មិនមាន​រងរបួស​នោះទេ ។​

    ប្រភព​បន្តថា បន្ទាប់ពី​បាញ់​រួច​ជនបង្ក​បាន​បើករថយន្ត​ព្យាយាម​គេចខ្លួន ត្រូវ​រូបគាត់​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ និង​ស្រែក​ឆោឡោឡើង​បង្កការភ្ញាក់ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​កំ​ពុង​ជិះ​ល្បាត ដេញតាម​និង​ទំនាក់ទំនង​ទៅ​កម្លាំង​បន្ថែមទៀត រហូត​ដេញ​ដល់​ចំណុចកើតហេតុ ទើបជនបង្ក​រត់​ចូល​ផ្ទះ​ដោយ​ទុក​រថយន្ត​ចោល​មុខផ្ទះ ។​

    ភ្លាមនោះ​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​នៅមុខ​ផ្ទះ​ជនបង្ក ហើយ​កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើការ​ឃាត់ខ្លួនបុរស​ម្នាក់ ដែល​អះអាង​ខ្លួន​ថា​ជា​បងប្អូន​ជនបង្ក​ដែល​បាន​ប្រមូល​សម្ភារៈ​នៅក្នុង​រថយន្ត ជាមួយនឹង​រថយន្ត​ជនបង្ក​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ​បន្ត ៕

adverise with khmeread

មតិយោបល់