អ្នកទេសចរឈីលីឃើញវិក្កយបត្រចង់លៀនភ្នែក គ្រាន់តែផឹកកាហ្វេ២ពែងទឹក២ដបនៅទីក្រុងបុរាណ Venice គិតថ្លៃដល់ទៅ ៥០ ដុល្លារ!

អ្នកទេសចរមួយរូបបានរិះគន់ទៅលើហាងកាហ្វេតំបន់ប្រវត្តិសាស្រ្តទីក្រុង Venice មួយកន្លែង សម្រាប់ការទូទាត់ប្រាក់សរុប ៥០ដុល្លារ ទៅលើកាហ្វេកែវតូចពីរកែវ និងទឹកសុទ្ធពីរដប។

លោក Juan Carlos Bustamente អាយុ ៦២ឆ្នាំមកពីប្រទេសឈីលី បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលគាត់ទទួលបានវិក្កយបត្រនៅឯហាងកាហ្វេ Caffe Lavena ដែលមានទីតាំងអង្គុយនៅឯកែងនៃទីលានប្រវត្តិសាស្រ្តដ៏ពេញនិយម St Mark's Square។

កាហ្វេដែលគាត់បានទទួលទាននៅក្នុងទីលានមួយនេះ ដែលគេស្គាល់ច្បាស់ជាភាសាក្នុងតំបន់ Piazza San Marco មានតម្លៃលើសប្រមាណជា ១០ដងពីតម្លៃទូទៅនៃកាហ្វេក្តៅក្នុងតំបន់មួយនេះ។

គាត់ត្រូវបានគេគិតប្រាក់ចំនួន ១៣,៥ដុល្លារសម្រាប់ការហ្វេកែវនីមួយៗ និង ១១,៥ដុល្លារសម្រាប់ទឹកសុទ្ធដបនីមួយៗដែលមានចំណុះ ២៥សង់ទីលីត្រ។

បុរសជនជាតិឈីលីពោរពេញទៅដោយកំហឹងរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកនៃវិក្កយបត្រទៅលើបណ្តាញសង្គម Facebook ដោយសរសេរសារមួយឃ្លាថា "ខ្ញុំមិនដឹងថាអ្នកគិតពីអីនោះឡើយ ប៉ុន្តែ ៤៣អឺរ៉ូសម្រាប់កាហ្វេពីរកែវ និងទឹកពីរដប!"។

ប៉ុន្តែអ្នកនាំពាក្យមួយរូបសម្រាប់ហាងកាហ្វេ Caffee Lavena បានវាយបកទៅវិញ ដោយទម្លាក់កំហុសទៅលើលោក Bustamente និងទទូចអតិថិជនថាម្ចាស់ហាងនឹងចំណាយច្រើនប្រសិនបើពួកគេចង់អង្គុយនៅខាងក្រៅ។

អ្នកនាំពាក្យរូបនេះបាននិយាយថា អតិថិជនត្រូវបង់តម្លៃពិសេសមួយក្នុងការរីករាយទៅលើ "បទពិសោធន៍" នៃការអង្គុយលើទីលាន St Mark's Square។

ហើយទន្ទឹមនឹងនេះភ្ញៀវទេសចរដែលលៀនភ្នែកទៅនឹងតម្លៃអាហារអ៊ីតាលីក៏មិនមានអ្វីប្លែកនោះដែរ។

យោងតាមវេបសាយ The Sun បានឱ្យដឹងថា ក្រុមអ្នកទេសចរមួយក្រុមធ្វើដំណើរកម្សាន្តក្នុងទីក្រុង Venice បានតេហៅមន្រ្តីប៉ូលិសនៅឯចុងសប្តាហ៍មុន បន្ទាប់ពីភោជនីយដ្ឋានមួយកន្លែងបានទូទាត់ប្រាក់ពួកគេចំនួន ១.២៧៧ដុល្លារ សម្រាប់អាហារធម្មតាមួយ៕

adverise with khmeread