Angelina Jolie ចោទប្រកាន់ Brad Pitt ថា មិនបានផ្តល់ប្រាក់ឧបត្ថម្ភគ្រប់គ្រាន់​ដល់កូនៗ​

        ការ​លែងលះ​រវាង​អតីតតារាហូលីវូដ​ពីរ​ដួង​គឺនាង Angelina Jolie និង Brad Pitt កាន់ជូរចត់ជាងមុន​ បន្ទាប់ពី​តារាស្រីរូបនេះ ​ចោទប្រកាន់​អតីត​ស្វាមីថា ស្ទើរ​តែមិន​បាន​ផ្តល់​ប្រាក់​ឧបត្តម្ភ​ដល់​កូនៗ។

        តារាស្រីក្នុងរឿង Maleficent រូបនេះបាន​ចោទប្រកាន់​អតីត​ស្វាមី​របស់នាង​ក្នុងពាក្យ​បណ្តឹងទៅ​​តុលាការ​ថា មិនបាន​ផ្តល់​ប្រាក់​ក្នុងចំនួនពិតប្រាកដសម្រាប់ជួយ​ដល់​កូន​ៗ​ទាំង​៦នាក់នោះទេ។

        នៅពេល​នេះ Jolie មាន​ផែន​ការ​ស្វែង​រក​សេចក្តីបង្គាប់​ពីតុលាការ​ ដើម្បី​បង្ខំ​ឲ្យ​អតីត​ស្វាមី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​។

        លោក Samantha Bley DeJean មេធាវី​របស់​ Jolie បាន​សរសេរ​ក្នុង​ពាក្យ​បណ្តឹងថា “​ Pitt មាន​ភារកិច្ច​ផ្តល់ការ​គាំទ្រ​ដល់កូនៗ។ មក​ទល់ពេលនេះ Pitt មិន​បាន​ផ្តល់​ប្រាក់​​ឧបត្ថម្ភសមស្រប​ដល់កូន​ៗ​ចាប់តាំងពីពេល​​លែងលះគ្នា”។

        លោក​មេធាវី​បន្តថា “​ដោយ​សារតែ​ Pitt មិន​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ជា​ប្រចាំសម្រាប់​ការចំណាយ​របស់​កូនៗអស់រយៈ​ពេល​ជាងមួយ​ឆ្នាំ​មក​នេះ Jolie មាន​បំណង​ស្នើ​សុំ​សេចក្តីបង្គាប់ពីតុលាការ​”។

        Pitt មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​អះអាងរបស់ Jolie នៅឡើយ​ទេ​។ តាម​ច្បាប់​នៅ​រដ្ឋកាលីហ្វ័រញ៉ា​ ឪពុកម្តាយ​ទទួល​ខុសត្រូវ​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​កូន​ផ្អែក​តាម​កិច្ច​ព្រមព្រៀងរវាងប្តីប្រពន្ធ។

        Jolie វ័យ​៤៣​ឆ្នាំ​បាន​ដាក់​បណ្តឹងលែងលះ​ពី Pitt វ័យ​៥៤​ឆ្នាំ​កាល​ពីខែកញ្ញា​ឆ្នាំ​២០១៦​ ដោយ​លើកឡើងពី​ការ​ខ្វែង​គំនិតគ្នា​​មិនអាចផ្សះផ្សាបាន៕

adverise with khmeread