ក្រោយ Jolie ប្តឹងថា Brad Pitt មិនផ្តល់លុយទ្រទ្រង់កូនៗ ឥឡូវ Pitt អះអាងថា គាត់បានផ្តល់លុយឱ្យនាងរាប់លានតាំងពីបែកគ្នា...ហើយបង្ហើបថាគាត់ជាឪពុកដ៏អស់សង្ឃឹមគ្មានគោលដៅពិតក្នុងជីវិត

Brad Pitt បាននិយាយនៅក្នុងឯកសារតុលាការកាលពីថ្ងៃពុធថា គាត់បានផ្តល់លុយជាង ១ លានដុល្លារឱ្យ Angelina Jolie និងបានឱ្យនាងខ្ចី ៨ លានដុល្លារបន្ថែមទៀត ចាប់តាំងពីបែកគ្នាកាលពី ២ ឆ្នាំមុន ក្នុងការប្រកែកតបតវិញចំពោះការអះអាងរបស់នាងកាលពីមួយថ្ងៃមុននេះថា គាត់ពុំបានបង់ប្រាក់ទ្រទ្រង់ "សំខាន់" ដល់កូនៗ។

មេធាវីរបស់ Brad Pitt បាននិយាយនៅក្នុងឯកសារកម្រាស់២ទំព័រដែលបានដាក់នៅក្នុងតុលាការជាន់ខ្ពស់ទីក្រុង Los Angeles ថា គាត់ "ទំនាស់យ៉ាងខ្លាំងចំពោះការអះអាងថាគាត់មិនបានបង់ប្រាក់ទ្រទ្រង់សំខាន់ដល់កូនៗ"។ ឯកសារនេះបានបន្ថែមថា លោកបានឱ្យ Jolie Pitt ខ្ចី ៨ លានដុល្លារដើម្បីទិញផ្ទះបច្ចុប្បន្នរបស់នាង និងបង់ប្រាក់ជាង ១,៣ លានដុល្លារជាសាច់ប្រាក់សុទ្ធដើម្បីជាប្រយោជន៍ដល់ Jolie Pitt និងកូនៗ ៦ នាក់របស់នាង។

មេធាវីរបស់ Jolie បាននិយាយនៅក្នុងពាក្យបណ្តឹងរបស់ពួកគេកាលពីថ្ងៃអង្គាថា Brad Pitt ខកខានមិនបានបំពេញតាមការរៀបចំហិរញ្ញវត្ថុក្រៅផ្លូវការរបស់ពួកគេទេ ហើយនាងនឹងស្នើសុំដីការបស់តុលាការដើម្បីទទួលបានការទូទាត់ប្រាក់នោះពីគាត់។

ក្នុងពាក្យបណ្តឹងរបស់ Jolie នាងក៏ចង់ឱ្យតុលាការសម្រេចឱ្យដាច់ស្រេចអំពីការលែងលះរបស់នាងនៅចុងឆ្នាំនេះផងដែរ។ 

ប្តីប្រពន្ធហូលីវូដនេះបានរួមរស់ជាមួយគ្នាអស់រយៈពេល ១២ ឆ្នាំនិងបានរៀបការទើបបាន២ឆ្នាំប៉ុណ្ណោះ នៅពេលនាងដាក់ពាក្យបណ្តឹងលែងលះកាលពីឆ្នាំ ២០១៦។ បច្ចុប្បន្ននេះ Jolie ទទួលខុសត្រូវមើលថែកូនទាំង ៦ នាក់។ 

ការប្តឹងផ្តល់គ្នាជាថ្មីនេះកើតឡើង បន្ទាប់ពីជម្លោះលែងលះរយៈពេល២ឆ្នាំដ៏ជូរចត់រវាងតារាទាំង២ដួង ខណៈភីតត្រូវបានចោទថាឈ្លោះតឹងសរសៃកជាមួយកូនម្នាក់របស់ខ្លួននៅលើយន្តហោះ។ 

Pitt ក្រោយមកត្រូវបានតុលាការសម្រេចថាគ្មានកំហុសអ្វីទេ និងក្រោយមកបានចោទ Jolie ថាលួងលោមកូនៗជាលក្ខណៈឯកជនដើម្បីបញ្ឈប់ Pitt កុំឱ្យឃុំគ្រងកូនរួមគ្នាជាមួយនាង។ 

ក្រោយរស់នៅបែកគ្នា ២ ឆ្នាំមកនេះ Pitt ក៏ធ្លាប់បានលាតត្រដាងការពិតក្នុងចិត្តរបស់គាត់ដែរថា គាត់ជាឪពុកដ៏អស់សង្ឃឹមគ្មានគោលដៅពិតក្នុងជីវិត។ នេះបើយោងតាមការអះអាងរបស់កាសែត Daily Mail៕ 

adverise with khmeread