បើករថយន្តលឿនពេកបុករបាំងថ្មក្រឡាប់ តែសំណាងមនុស្សមិនអី

​ភ្នំពេញ ៖ យុវជនម្នាក់បានបើកបររថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មក្រឡាប់រថយន្ត កាលពីវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចទល់មុខមជ្ឃមណ្ឌលម៉ូឌែន៥ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ខ្ទេចខ្ទីមើលលែងយល់។ 

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2V-3577 បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ រួមដំណើរនារីម្នាក់ (រងរបួសតិចតួច)​។ 

​ប្រភពព័ត៌មានបន្តថា មុនពេលកើតហេតុគេបានឃើញ រថយន្តបង្កធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ដក្រឡាប់ផ្ងារជើង និងខូចខាតរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនពីរកង់​។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយលើករថយន្ដឱ្យឈរដូចដើមវិញ ដើម្បីជួយអ្នកនៅក្នុងរថយន្ដចេញមកក្រៅ​។ 

​ក្រោយកើតហេតុ សមត្ថកិច្ចរវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់​៕


 

adverise with khmeread