មន្ត្រីប៉ូលិសម្នាក់បាញ់បោះសេរីប្រមាណ១០គ្រាប់ឡើងលើមេឃ​ត្រូវបានឃាត់ខ្លួន

​ភ្នំពេញ​ ៖ មន្ត្រីប៉ូលិសម្នាក់ត្រូវបានប៉ូលិសខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនកាលពី​រសៀល ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី៣  ស្ថិតនៅ​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពីបាញ់បោះសេរីប្រមាណ១០គ្រាប់ឡើងលើមេឃ​។ 

​ប៉ូលិសមូលដ្ឋាននិយាយថា​ មន្ត្រីប៉ូលិសរូបនោះ​ឈ្មោះ កែវ សុផល អាយុ៤០ឆ្នាំ មុខរបរ​ជា​មន្ត្រីប៉ូលិសកង អន្តរាគមន៍​ពិសេស នៃ​អគ្គស្នងការ​ប៉ូលិស​ជាតិ ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី៣  ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ។    

​សាក្សីនិយាយថា ដំបូងពួកគាត់​បានឃើញ​បុរស​នេះ ឈរ​កាន់​កាំភ្លើង​នៅ​ជា​ន់ទី៣ផ្ទះជួល​ខាងលើ​។ បន្ទាប់មក​ស្រាប់​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់​តែម្ដង​ដោយ​មិនដឹងថា​គាត់​មាន​វិបត្តិ​អ្វី​ឡើយ។ ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ពួកគាត់​បាននាំគ្នា​រត់​ចូលក្នុង​ផ្ទះ​ទាំង​ព្រលឹងចុងសក់​។ 

​ក្រោយមក​បន្ទាប់ពី​ឃើញ​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅដល់​ចំណុចកើតហេតុ​ និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ខាងលើ​រួមទាំង​ដកហូត​កាំភ្លើង​ខ្លីម៉ាក​K៥៤មួយ​ដើម និង​រកឃើញ​សំ​កបក​គ្រាប់​ដែល​បាញ់បោះ​ចំនួន១០គ្រាប់។

​បច្ចុប្បន្ន កម្លាំង​ប៉ូលិខ​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ចាត់ការ​បន្ត៕


 

adverise with khmeread