ព្រលឹងចុងសក់គ្រប់គ្នា! Jackie Chan និងក្រុមការងារ កំពុងថតកុនសុខៗ ស្រាប់តែជំនន់ភ្លាមហូរល្បាប់ភក់ទាញរថយន្តពួកគេយ៉ាងកម្រោល

តារាក្បាច់គុនហុងកុង Jackie Chan បានសម្តែងនៅក្នុងខ្សែភាពយន្តបែបវាយតប់ជាង ២០០ រឿង ដោយឈុតខ្លះៗគឺគ្រោះថ្នាក់ស្ទើរមិនគួរឱ្យជឿ ប៉ុន្តែកាលពីសប្ដាហ៍មុនគាត់បានជាប់ក្នុងរឿងហេតុពិតជាក់ស្តែង ខណៈកំពុងថតរឿងថ្មីរបស់គាត់ គឺរឿង Project X ។

Jackie Chan បានលាតត្រដាងក្នុងបណ្តាញ Weibo និងនៅលើ Facebook ថា រូបខ្លួននិងក្រុមការងារត្រូវបានគេជួយសង្គ្រោះខណៈកំពុងថតនៅលើទីតាំងមួយនៅក្នុងប្រទេសចិន នៅពេលក្រុមការងាររបស់គាត់ជាប់ផុងក្នុងហេតុការណ៍រអិលបាក់ភក់ដ៏ធំ។

Jackie Chan បានសរសេរថា "ថ្ងៃនេះ យើងបានចាប់ផ្តើមថតនៅលើទីតាំងនោះ។ អាកាសធាតុបានផ្លាស់ប្តូរភ្លាមៗ ហើយសហសេវិករបស់យើងបានជាប់នៅក្នុងហេតុការណ៍រអិលបាក់ភក់ល្បាប់ដ៏ធំ" ។

Jackie Chan អាយុ ៦៤ ឆ្នាំបាននិយាយថា អាកាសធាតុភ្លាមៗបានប្រែទៅជាអាក្រក់ដោយមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានការរអិលបាក់ភក់ដ៏ធំ ធ្វើឱ្យរថយន្តដឹកទំនិញនិងតង់ហូរតាមលំហូរភក់ដ៏លឿន។

Jackie Chan បានបង្ហោះរូបថតជាច្រើននៃល្បាប់ភក់ហើយសម្តែងការដឹងគុណខ្លាំងចំពោះក្រុមជួយសង្គ្រោះ ដែលបានជួយអូសរថយន្ដទៅកន្លែងសុវត្ថិភាព។

Jackie Chan ដែលគេស្គាល់ថា "បងធំ" នៅចិននិងហុងកុង បានសរសេរថា "ឡានដឹកទំនិញរបស់យើងមួយចំនួនបានជាប់នៅតាមដងស្ទឹងនៃល្បាប់ភក់។ សហសេវិកជាច្រើននាក់មានការភ័យខ្លាចព្រោះវាកើតឡើងលឿនពេក។ សំណាងល្អ រថយន្តសណ្តោងធំៗមួយចំនួនបានមកជួយយើង ហើយជួយទាញរថយន្តផលិតកុនរបស់យើងទៅកន្លែងសុវត្ថិភាព"។

Jackie Chan មិនបានបង្ហាញឱ្យច្បាស់ថាតើគាត់និងក្រុមការងាររបស់គាត់កំពុងថតនៅកន្លែងណាទេ នៅពេលដែលភក់ល្បាប់បានកើតឡើង ប៉ុន្តែនៅភាគខាងត្បូងប្រទេសចិននិងជាពិសេសខេត្តយូនណានបានរងគ្រោះដោយភ្លៀងខ្លាំងកាលពីសប្តាហ៍មុន៕

adverise with khmeread