រថយន្តបើកបុកប្រជាការពារម្នាក់ជិះកង់ឆ្លងផ្លូវស្លាប់

​កណ្តាល​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងកង់បណ្តាលឱ្យស្លាប់បុរស​ម្នាក់ជាប្រជាការពារ ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ខូចខាតកង់០១គ្រឿងធ្ងន់-រថយន្ត០១គ្រឿង ស្រាល ចំណែកអ្នកបើកបររថយន្តឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាង នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទីយប់នៅចំណុចផ្លូវលេខ២១ ស្ថិតនៅភូមិស្វាយតានី​ ឃុំព្រែកគយ ស្រុកស្អាង ​ខេត្តកណ្តាល​។ 

​ប៉ូលិសនិយាយថា​ ភាគីរថយន្តម៉ាក ហាយឡែនឌ័រ  ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ កណ្តាល2B-8588 បើកបរដោយឈ្មោះ ​ចំរើន ករុណា ភេទប្រុស អាយុ​២៥ឆ្នាំ មុខរបរតុបតែងរោងការ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ​ដោយមានអ្នករួមដំណើជាមួយចំនួន០៥នាក់ មានប្រុសមានស្រីនៅក្នុងរថយន្ត​។

​លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកឈ្មោះ ប៊ុន ធឿន (ហៅឡេង) ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ និងជាប្រជាការពារភូមិស្វាយតានី មានទីលំនៅភូមិស្វាយតានី ឃុំ ព្រែកគយ ស្រុកស្អាង ខេត្ត​កណ្តាល ដែលកំពុងជិះកង់ឆ្លងផ្លូវពីលិចទៅកើត ចំពីក្រោយ បណ្តាលឱ្យដួលរងរបួសធ្ងន់ ​ហើយបានស្លាប់នៅពេលក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្អាង​។

​ភ្លាមៗនោះសមត្ថកិច្ច​ បានចុះទៅពិនិត្យ និងវាស់វែងទីកន្លែងកើតហេតុនិងឃាត់ខ្លួនអ្នកបើកបររថយន្ត រួមទាំងវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាន ប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី នៃច្បាប់​។

​តាមការសន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកជិះកង់ឆ្លងផ្លូវ ចំណែកអ្នកបើករថយន្ត​បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕


 

adverise with khmeread