កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបើកការបាញ់ប្រហារតាមអាកាសមកលើរថយន្តក្រុង ស្លាប់កុមារ ២៩ នាក់ និង របួស ៣០ នាក់

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថា យ៉ាងហោចណាស់ កុមារ ២៩ នាក់ត្រូវបានសម្លាប់ និង ៣០ នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនៅប្រទេសយេម៉ែន។ នេះយោងតាម BBC ចេញផ្សាយនៅថ្ងៃនេះ។

ក្មេងៗទាំងនោះបានកំពុងធ្វើដំណើរតាមឡានក្រុងមួយ ដែលត្រូវបានវាយប្រហារនៅផ្សារមួយនៅទីក្រុង Dahyan ក្នុងខេត្ត Saada ភាគខាងជើង។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយចលនាឧទ្ទាម Houthi បានដាក់តួលេខអ្នកស្លាប់ចំនួន ៤៣ នាក់ និងរបួស ៦១ នាក់។

កងកម្លាំងចម្រុះដែលកំពុងគាំទ្ររដ្ឋាភិបាលយេម៉ែនក្នុងសង្គ្រាមជាមួយក្រុមឧទ្ទាម Houthi បាននិយាយថា សកម្មភាពរបស់ខ្លួនគឺ "ស្របច្បាប់"។

ក្រុមចម្រុះនេះទទូចថាខ្លួនមិនដែលផ្តោតគោលដៅលើជនស៊ីវិលដោយចេតនានោះទេ តែក្រុមសិទ្ធិមនុស្សបានចោទប្រកាន់កងកម្លាំងចម្រុះថាបានបាញ់ផ្លោងដាក់ ផ្សារ សាលារៀន មន្ទីរពេទ្យ និង តំបន់លំនៅដ្ឋាន។

ទន្ទឹមនឹងនេះ ប្រេសិតពិសេសថ្មីរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន និងជាអតីតអ្នកការទូតអង់គ្លេស លោក Martin Griffiths មានគម្រោងអញ្ជើញភាគីប្រយុទ្ធគ្នាទៅកាន់ទីក្រុងហ្សឺណែវនៅខែកញ្ញាខាងមុខដើម្បីពិភាក្សាអំពីក្របខ័ណ្ឌសម្រាប់ការចរចា។

[caption id="attachment_37938" align="alignnone" width="750"] EDITORS NOTE: Graphic content / Medics treat a Yemeni child who was injured in a reproted air strike at an emergency clinic in the Iran-backed Huthi rebels' stronghold province of Saada on August 8, 2018. / AFP PHOTO / STRINGER[/caption]

លោកបានប្រាប់ BBC ថា ប្រសិនបើជម្លោះទុកចោលមិនដោះស្រាយ នោះយេម៉ែននឹងដួលរលំ ហើយសហគមន៍អន្តរជាតិអាចនឹងមើលឃើញ "ស៊ីរីបូក" នៅប៉ុន្មានឆ្នាំទៀត៕

adverise with khmeread