រថយន្តស្លាកលេខ​នគរបាល​ បុករះយានយន្ត រងរបួសធ្ងន់អ្នកលក់ពងទាកូន

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ បង្កឡើងដោយរថយន្ត Lexus RX400 ស្លាកលេខ នគរបាល បានបើកបុករះជាច្រើនគ្រឿង រងរបួសធ្ងន់ម្នាក់កាលពីវេលា ម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅ​១​ ខណ្ឌច្បារអំពៅ​​។ 

​ប្រភពពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឱ្យដឹងថា រថយន្តបង្កម៉ាក Lexus RX400 ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល​2-2114​។ រថយន្តរងគ្រោះ ម៉ាក Camry ពាក់ស្លាកលេខ​នគរបាល ​2-2836 និងរឺម៉កលក់ពងទាកូន អ្នកបើកបររបួសធ្ងន់​។ 

​ប្រភពថា មុនពេលកើតហេតុ គេឃើញមានរថយន្តកុងទីន័រ សណ្ដោងកន្ទុយ ​(​មិនចាំស្លាកលេខ) រថយន្ត Camry រងគ្រោះ និង រ៉ឺម៉កលក់ពងទានកូន បានធ្វើដំណើរឆ្លងស្ពានព្រះមុនីវង្ស ទិសដៅពីលិចទៅកើត​។ 

​លុះមកដល់ចំណុចកើតហេតុ ពាក់កណ្ដាលស្ពាន ខណៈដែលកំពុងបើកតម្រង់ជួរបន្តបន្ទាប់គ្នា ស្រាប់តែរថយន្តបង្ក បើកមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿនដូចហោះ ទៅបុកចំ​ម៉ូតូរ៉ឺម៉កលក់ពងទាកូនពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ខ្ទាតផ្លោងធ្លាក់ពីលើរ៉ឺម៉ក​រងរបួសធ្ងន់ និងរ៉ឺម៉កខ្ទាតផ្ងារជើងម្ខាង ទូកញ្ចក់និងគ្រឿងពងទាកូនខ្ចាយចោលពេញផ្លូវ​។ 

​សាក្សីបន្តទៀតថា ​រថយន្តបង្កនៅមិនទាន់អស់ល្បឿនបាន បន្តទៅបុកពីក្រោយរថយន្ត Camary ពេញទំហឹង និងរុញទៅបុកផ្ទប់កន្ទុយសណ្ដោងរថយន្តកុងតឺន័រ លាន់ដូចរន្ទះ​។ រថយន្ត​កុងតឺន័រ​មិនចង់វែងឆ្ងាយក៏បានបើក បន្តដំណើរទៅមុខទៀតទៅ ចំណែករថយន្ដបង្ករងការខូតខាតផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាព ក្នុងរថយន្តផងដែ​រ។

​រីឯបុរសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ហុងហាក់ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។​  បន្ទាប់មក​ អ្នក បើករថយន្តបង្កគេចខ្លួនពីកន្លែងកើតហេតុបាត់ ដោយបន្សល់រថយន្តចោលនៅកន្លែងកើតហេតុ​។ 

​ក្រោយកើតហេតុសមត្ថកិច្ចមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំ ម្ចាស់រថយន្តបង្កចូលខ្លួន ធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់​៕


 

adverise with khmeread