Mr Bean លូកលាន់ក្នុងជម្លោះនយោបាយអង់គ្លេស ដោយប្រាប់អតីតរដ្ឋមន្ត្រីការបរទេសកុំសុំទោសរឿងនិយាយលេងសើចអំពីឈុតអ៊ីស្លាម

លោក Rowan Atkinson (Mr Bean) បាននិយាយការពារលោក Boris Johnson ជុំវិញការអត្ថាធិប្បាយរបស់គាត់ស្តីពីស្ត្រីដែលស្លៀកពាក់ឈុតអ៊ីស្លាម Burka ហើយបាននិយាយថា សម្តីរបស់អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះគឺពិតជាកំប្លែង។

លោក Johnson កំពុងប្រឈមនឹងការស៊ើបអង្កេត ហើយអាចត្រូវរងការដាក់ពិន័យពីមេបក្សអភិរក្សរបស់គាត់ បន្ទាប់ពីនិយាយថាស្ត្រីក្នុងឈុត Burka មើលទៅដូចជា "ប្រអប់សំបុត្រ" និង "ចោរប្លន់ធនាគារ"។

Mr Bean អាយុ ៦៣ ឆ្នាំបាននិយាយថា "ក្នុងនាមជាអ្នកកំប្លែងលេងសើចអំពីសាសនាដោយសេរីស្ទើរមួយជីវិតមកនេះ ខ្ញុំយល់ថាការនិយាយកំប្លែងរបស់លោក Boris Johnson អំពីអ្នកស្លៀកពាក់ឈុត Burka ថាដូចប្រអប់សំបុត្រនោះ គឺជារឿងកំប្លែងណាស់"។

តារាកំប្លែងដែលល្បីក្នុងរឿង Blackadder និង Mr Bean បានសរសេរលិខិតមួយផ្ញើទៅកាសែត Times ថា "រាល់ការនិយាយកំប្លែងអំពីសាសនាគឺបង្កការប្រមាថ ដូច្នេះវាគ្មានប្រយោជន៍អ្វីទេដែលត្រូវសុំទោសចំពោះការនិយាយកំប្លែងបែបនោះ។ អ្នកគួរតែសុំទោសទាល់តែករណីនិយាយរឿងកំប្លែងអាក្រក់ៗ។ ផ្អែកលើមូលដ្ឋាននេះ គឺមិនចាំបាច់សុំទោសនោះទេ"។

Mr Bean ធ្លាប់បានតស៊ូមតិការពារ "សិទ្ធិក្នុងការប្រមាថ" ដោយនិយាយកាលពីឆ្នាំ ២០០៤ ថា សំណើច្បាប់ស្តីពីការស្អប់ខ្ពើមសាសនានឹងបំបិទមាត់ "អ្នកមានគំនិតច្នៃប្រឌិត"។

Mr Bean បាននិយាយនៅគ្រានោះថា "សេរីភាពនៃការបញ្ចេញមតិត្រូវតែបានការពារសម្រាប់តារាសិល្បៈនិងអ្នកកំប្លែង ហើយយើងមិនត្រូវទទួលយកការហាមឃាត់លើការនិយាយកំប្លែងអំពីសាសនានិងមេដឹកនាំសាសនានោះឡើយ" ។

លោក Boris Johnson ត្រូវប្រឈមនឹងការស៊ើបអង្កេតដោយគណៈកម្មាធិការឯករាជ្យមួយ បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនថា ការអត្ថាធិប្បាយរបស់លោកបានរំលោភលើក្រមសីលធម៌របស់គណបក្សអភិរក្ស៕

adverise with khmeread

អ្នកនឹងចូលចិត្ត