បញ្ជូនចិនតៃវ៉ាន់២នាក់ទៅតុលាការពីបទ ប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស និងកំហែងយកផ្ទះមួយខ្នងនៅបូរីភ្នំពេញថ្មី

​ភ្នំពេញ​ ៖ ​ជនជាប់ចោទ ២នាក់ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេសឃាត់ខ្លួន​ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៥១៨ ដចន ចុះថ្ងៃទី០៣-សីហា-២០១៨ និងលេខ៥៣៣ ដចន ចុះថ្ងៃទី០៩-សីហា-២០១៨ របស់ចៅក្រមស៊ើបសួរ តុលាការរាជធានីភ្នំពេញ។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនជាប់ចោទ២នាក់ ឈ្មោះ Chang Yu Min និងឈ្មោះ ​Xiao Jiun Hong បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី១០ សីហា ឆ្នាំ២០១៨ដើម្បីផ្តន្ទាទោស​។ 

​គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ មានក្រុមជនសង្គមងងឹតជនជាតិចិនតៃវ៉ាន់មួយក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាពប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស និងកំហែងយកនៅផ្ទះលេខ១៣ ផ្លូវលេខ៣ (បូរីភ្នំពេញថ្មី) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ផ្ទះជនរងគ្រោះ) ដោយយកពែងតែគប់ទៅលើជនរងគ្រោះរងរបួសក្បាល និងយកវត្ថុរឹងគំរាមបង្ខំឱ្យជនរងគ្រោះចុះហត្ថលេខាលើលិខិតឱ្យទទួលស្គាល់ជំពាក់លុយពួកគេចំនួន ២២ម៉ឺនដុល្លារ និងបញ្ចាំរថយន្ត ដោយជនរងគ្រោះមិនបានជំពាក់លុយពួកគេនោះទេ។ 

​បន្ទាប់មកក្រុមជនសង្ស័យបានបង្ខំឱ្យជនរងគ្រោះយកសោររថយន្ត បណ្ណសម្គាល់យានយន្ត និងយករថយន្តម៉ាក Mercedes របស់ជនរងគ្រោះយកទៅលាក់ទុកនៅ Condo ក្រោយណាហ្គាក្នុងខណ្ឌចំការមន។ 

​ជនសង្ស័យឈ្មោះ Yang Shi Xiao ជាមេក្លោងក្នុងការធ្វើសកម្មភាពត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកំហែងយក​។ 

​ប៉ុន្តែត្រូវបានព្រះរាជអាជ្ញារង សឿ ឡង់ឌី ចោទនៅត្រឹមហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បញ្ជូនទៅចៅក្រមស៊ើបសួរ ហេង កេសរោ ក៏បានដោះលែងជនសង្ស័យឈ្មោះ Yang Shi Xiao ដែលជាមេក្លោងក្រុមជនសង្គមងងឹតរូបនេះឱ្យមានសេរីភាព ទាំងបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ។ 

​ការដោះលែងជនសង្ស័យ ធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំងត្រូវសំងំលាក់ខ្លួន និងមិនហ៊ានចូលផ្ទះរបស់ខ្លួនទៀតផង។ ក្នុងចំណោមជនសង្ស័យទាំង៣នាក់ កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនចំនួន២នាក់បន្ថែមទៀត៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab