ទើបទិញម៉ូតូកង់បីឥណ្ឌាមករត់ថ្មីៗតម្លៃជិត៤ពាន់ដុល្លារ ត្រូវគេឆបោកដាក់ថ្នាំយកទៅបញ្ចាំ២២០០ដុល្លារយកលុយទៅបាត់

​ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ទើបនឹងទិញម៉ូតូកង់បីឡាំបាដាឥណ្ឌា មួយគ្រឿងថ្មីស្រឡាង តម្លៃ3550ដុល្លារមិនទាន់នឹងបានស្លាកលេខផង ចេញដឹកម៉ូយបានប៉ុន្មានថ្ងៃ ក៏ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាព ឆបោកដឹកខ្លួនគាត់ និងសង្ស័យថាបានបន្លំដាក់ថ្នាំសណ្តំ ហើយយកម៉ូតូកង់បីទៅបញ្ចាំយកប្រាក់ចំនួន 2200 ដុល្លារហើយគេចខ្លួនបាត់។ 

​សកម្មភាពឆបោកនេះ បានកើតតាំងពីថ្ងៃម៉ោង២រសៀលថ្ងៃទី១០ ខែ១០ នៅផ្លូវម៉ៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  តែទើបតែនឹងភ្ញាក់ផ្អើលនៅពេលម៉ោង ១០យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវ១៨២ ជិតស្តុបទេពផន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ 

​ប្រភពបានឱ្យដឹងថា​ ជនរងគ្រោះជាម្ចាស់កង់បីឡាំប្រ៊ឺដាឥណ្ឌាមានឈ្មោះ រ៉ន រិទ្ធ អាយុ៣១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះជួលមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យមានស្រុកកំណើត នៅ ភូមិ ព្រែកឫស្សី ឃុំ ពែកឫស្សី ស្រុកល្វាឯមខេត្តកណ្តាល មានប្រពន្ធឈ្មោះវន្ត័ យិន អាយុ៣៣ឆ្នាំ មុខរបរលក់ត្រី នៅផ្សារស្ទឹងមានជ័យ មានស្រុកកំណើតនៅភូមិ ចុងបឹង  ឃុំសៀងខ្វៀង  ស្រុកកំចាយមារ ​ខេត្តព្រៃវែង។

​តាមការបញ្ជាក់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា​​ ម៉ូតូកង់បីនោះគាត់ទើបនឹងទិញមិនទាន់បាន មួយខែទេ​។ មុនកើតរឿងឡើង គឺនៅម៉ោងប្រហែល២រសៀល គាត់ត្រូវបានបុរសម្នាក់ បានឱ្យដឹកខ្លួន ពីផ្លូវសឡា ទៅផ្លូវ ម៉ៃដា(ផ្លូវ២០០៤) ទៅកន្លែងលេង ស្នូកឃ័រ បុកប៊ីយ៉ា មួយកន្លែងមិនស្គាល់ទីតាំងច្បាស់ ។ 

​​ខណៈពេលធ្វើដំណើរជនសង្ស័យ បានគាស់បាកាសឱ្យគាត់១កំប៉ុងផឹក និងនិយាយលួងលោមគាត់ថា «នឹងយកកង់បីគាត់ឱ្យដឹកឥវ៉ាន់មេខ្លួនរាល់ថ្ងៃ  ពីសឡាទៅដាក់នៅម្តុំវត្តសំរោងអណ្ដែត  ក្នុងមួយជើងឱ្យតម្លៃ៨មុឺនរៀល តែគ្រាន់តែនិយាយគ្នាតែប៉ុណ្ណោះ មិនទាន់បានដឹកទេ »។ 

​ពេលទៅដល់គោលដៅ ជនសង្ស័យបានយកលេខទូរស័ព្ទគាត់ ទុក ហើយដើរចូលទៅលេងនៅខាងក្នុងបាត់។ គាត់ក៏ចាំខាងក្រៅ មួយសន្ទុះក្រោយមក ជនសង្ស័យបានដើរចេញមកក្រៅ ហើយបាននិយាយថា «គាត់លេងឈ្នះគេ៥០០ដុល្លារ »។ 

​ប្រភពដដែលបានបន្តទៀតថា នៅពេលនោះហើយដែលគាត់មានអារម្មណ៍ថាវិលមុខ នឹងធ្វើអ្វីតាមគេបញ្ជារហូត ។ ពេលនោះជនសង្ស័យនិយាយថា កង់បីនេះអាចបញ្ចាំបាន២០០០ដុល្លារ ហើយឱ្យគាត់យកទៅបញ្ចាំទៅ យកលុយមកលេងជាមួយគាត់ ។ 

​ពេលនោះជនសង្ស័យបានបញ្ជាឱ្យគាត់បើកទៅហាងបញ្ចាំ មួយកន្លែង នៅម្តុំឃ្លាំងរំសេវ មិនចាំឈ្មោះហាង គាត់ក៏បើកទៅ ។ ហើយបន្ទាប់មកជនសង្ស័យ ឱ្យគាត់បញ្ចាំកង់បីនឹងទៅ គាត់ក៏តាមបុរសជនសង្ស័យនោះ ក៏បញ្ចាំកង់បី រួមនឹងក្រដាសពន្ធទៀត បានប្រាក់ចំនួន2200ដុល្លារ  ហើយខាងហាងទទួលបញ្ចាំ ។ 

​ហាងបានចេញលិខិតបញ្ចាំមួយសន្លឹក នឹងឱ្យជនរងគ្រោះផ្តិតមេដៃ ទទួលខុសត្រូវខ្លួនឯង គាត់ក៏ផ្តិតតាមគេប្រាប់ ហើយជនសង្ស័យក៏ទទួលយកលុយនឹងលិខិតបញ្ចាំមកដាក់ក្នុងហោប៉ៅខោគាត់ ក៏នាំគ្នាហៅម៉ូតូជិះចេញទៅ ដល់កន្លែង លេងស្នុកឃ័រ (បុកប៊ីយ៉ា)នោះដដែលវិញ។ 

​ពេលនោះជនសង្ស័យឱ្យគាត់លេង បុកប៊ីយ៉ា ដៃគូជាមួយគាត់ គ្រាន់តែបុកប៉ះតិចៗទៅបានហើយ ហើយជនសង្ស័យបានលូកយកលុយចេញពីហោប៉ៅគាត់ទាំងអស់ ដើម្បីលេងជាមួយគេ លេងតែមួយដៃក៏ឈប់លេងទៅ ។ ភ្លាម នោះជនសង្ស័យ បានដឹកគាត់ចេញមកវិញ ហើយទម្លាក់គាត់នៅលើផ្លូវ២០០៤នោះ ដោយនិយាយថា ទៅលោះកង់បីយកមកឱ្យវិញ ហើយក៏ជិះចេញទៅយកទាំងទូរស័ព្ទគាត់មួយគ្រឿងទៀតបាត់សូន្យឈឹងតែម្តង។ 

​មួយសន្ទុះក្រោយ មកគាត់រាងស្វាង ទើបដឹងខ្លួនថា ចាញ់បោកគេ ទើបទៅរកក្រុមគ្រួសារ នឹង អ្នករត់ម៉ូតូកង់បីដូចគ្នាឱ្យជួយ។ ហើយគាត់ថាបានទៅដាកពាក្យបណ្តឹងដែរ  តែសមត្ថកិច្ចមិនទទួល ព្រោះលិខិតបញ្ចាំនោះ មានស្នាមមេដៃគាត់ទទួលខុសត្រូវហើយ។ តែគាត់មិនបានប្រាប់ថាដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍ណានោះទេ។ បន្ទាប់មកពួកគាត់ក៏នាំគ្នា មកហាងបញ្ចាំខាងលើដើម្បីឱ្យម្ចាស់ឆែកមើលកាម៉ារ៉ា សុវត្ថិភាពមើលមុខជនសង្ស័យ  មិនមែនមកទាមទារ កង់បីវិញនោះទេ តែត្រូវម្ចាស់ហាងបដិសេធមិនសហការជាមួយទេ។ 

​ក្រោយកើតហេតុសមត្ថកិច្ច ប៉ុស្តិ៍ទឹកល្អក់៣ បានឱ្យគាត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍អូរបែកក្អមទៅ​។ ពេលបានពាក្យបណ្តឹងហើយ ត្រលប់ មកវិញគាត់នឹងជួយអន្តរាគមន៍ឱ្យម្ចាស់ ឆែកកាមេរ៉ាជូយដើម្បីឱ្យស្គាល់មុខជនសង្ស័យ​៕


 

adverise with khmeread