សមត្ថកិច្ចចម្រុះចាប់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធគ្រឿងញៀន

តាកែវ ៖ កម្លាំងប៉ូលិសស្រុកត្រាំកក់ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការប៉ូលិសខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ​និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះ០១កន្លែង ស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ​ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់​ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២ និង៣០នាទីរសៀល។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ១.ឈ្មោះ មើន ញ៉ាញ់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ (ម្ចាស់ផ្ទះ), ២.ឈ្មោះ ជ័យ សាវុធ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិដើមពោធិ៍ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត(ទាំងពីរនាក់ជាមុខសញ្ញាជួញដូរ) និង៣.ឈ្មោះ ចេន ពិសិដ្ឋភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់(មុខសញ្ញាប្រើប្រាស់)​។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់(ធំ០១កញ្ចប់) ម៉ូតូ០២គ្រឿង កាំភ្លើងកែច្នៃ ០២ដើម ដាវ០១ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន​។ 

​លុះដល់វេលាម៉ោង២ និង៥០នាទីរសៀល នាថ្ងៃ ខែឆ្នាំដដែល  កម្លាំងប៉ូលិសជំនាញស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលអង្គតាសោម បានបង្ក្រាបមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ តុង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ទូរស័ព្ទដៃ០៣គ្រឿង និងកាំភ្លើងកែច្នៃ០១ដើម​។
 
​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។ ​ចំណែកជនជនសង្ស័យទាំង៤នាក់បានប្រគល់ជូនកម្លាំងជំនាញខេត្តកំពតដើម្បីចាត់ការ​៕

adverise with khmeread