1

សាកលវិទ្យាល័យ​មួយ​របស់​អង់គ្លេស​ហាម​មិនឱ្យ​លក់​ភេសជ្ជៈ​ប៉ូវ​កម្លាំង Red Bull ក្នុង​បរិវេណ​របស់ខ្លួន​ដោយសារ​...

​    ​សាកលវិទ្យាល័យ Middlebury College របស់​អង់គ្លេស​បាន​ហាម​សាលា​របស់ខ្លួន​មិនឱ្យ​លក់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយចំនួន​ទេ ព្រោះ​ពួកគេ​និយាយថា ភេសជ្ជៈ​ទាំងនោះ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង "​សកម្មភាព​ប្រព្រឹត្ត​សិច​ដ៏​គ្រោះថ្នាក់​" ក៏ដូចជា​បញ្ហា​សុខភាព​ជាច្រើន​ទៀតផង​ដែរ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ ២០១៦​។​

​     សាលា​ដែលមាន​និស្សិត​កំពុង​សិក្សា​ចំនួន ២.៤៥០ នាក់​នេះ​នឹង​ហាមឃាត់​លើ​ភេសជ្ជៈ​គោ​ជល់ Red Bull និង ភេសជ្ជៈ 5-Hour-Energy ចាប់ពី​ថ្ងៃទី ៧ ខែមីនា​តទៅ​។ ហាង​កាហ្វេ Wilson របស់​សាកលវិទ្យាល័យ​នេះ​បានចេញ​ខិតប័ណ្ណ​ជាច្រើន​សន្លឹក​រួចមកហើយ​ដើម្បី​អប់រំ​និស្សិត​អំពី​គ្រោះថ្នាក់​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទាំងនេះ​។

​    ​ខិតប័ណ្ណ​របស់​ហាង​កាហ្វេ​នេះ​បានសរសេរថា "​ការ​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជួយ​សម្រួល​ឱ្យ​កើតមាន​ទម្លាប់​អាក្រក់​ដល់​សុខភាព ដូចជា ការ​ដេក​ទម្រន់ ការរួមចំណែក​នាំមក​នូវ​វប្បធម៌​ស្ត្រេ​ស៍ និង​ទម្លាប់​សិក្សា​គ្មាន​ចីរភាព​"​។

​     បម្រាម​នេះ​អនុវត្ត​តែ​ចំពោះ​ការលក់​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​តែប៉ុណ្ណោះ ដូច្នេះ​និស្សិត​នឹង​នៅតែ​អាចយ​កវា​ពី​ខាងក្រៅ​មក​ផឹក​នៅក្នុង​សាលា​បាន​ដដែល​។​

​    ​សាលា Middlebury ក៏បាន​និយាយ​ដែរ​ថា ពួកគេ​ជ្រើស​រើ​ហាមឃាត់​ការលក់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ព្រោះ​ភេសជ្ជៈ​ទាំងនេះ​បង្កើន "​វប្បធម៌​ស្ត្រេ​ស៍​" នៅ​សាលា ដូច្នេះហើយ​ទើប​និស្សិត​ដាច់​យប់​ទាំងឡាយ​ចេះតែមាន​ចំនួន​កើនឡើង​គឺ​ដោយសារតែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នេះ ជាហេតុ​នាំឱ្យមាន​ទម្លាប់​សិក្សា​មិនល្អ​។

​    ​យោងតាម​វេ​ប​សាយ​របស់​ភេសជ្ជៈ Red Bull ភេសជ្ជៈ​របស់ខ្លួន​ផ្ទុក​នូវ​សារជាតិ​កាហ្វេ​អ៊ី​ន ២២៧ មិ​ល្លី​ក្រាម​។ ភេសជ្ជៈ 5-Hour-Energy ក៏បាន​អះអាងថា​មាន​បរិមាណ​កាហ្វេ​អ៊ី​ន​ស្រដៀង​គ្នា​នេះដែរ គឺ​ចំនួន ៣៤០ មិ​ល្លី​ក្រាម​។

​     លោក Dan Detora នាយក​ប្រតិបត្តិ​នៃ​សេវា​ផ្តល់​ទីតាំង​ជួល​កន្លែង​លក់​អាហារ​របស់​សាកលវិទ្យាល័យ​បាន​និយាយថា ភេសជ្ជៈ​នេះ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​រោគ​ប្រកាច់ ខ្សោយបេះដូង និង​បញ្ហា​ថ្លើម​៕

ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់