ញាក់សាច់! ក្មេងស្រីអាយុទើប ៣ ឆ្នាំសោះមានពិន្ទុ IQ ដល់ទៅ ១៧១ លើសមនុស្សទូទៅជិតពាក់កណ្តាល

នៅពេលកុមារី Ophelia កូនស្រីរបស់ Natalie និង Ben បានចូលរួមជាមួយអ្នកមានកម្រិត IQ ខ្ពស់របស់កម្មវិធីសង្គម Mensa នៅត្រឹមអាយុ ៣ ឆ្នាំ ពួកគេដឹងថាពួកគេនឹងត្រូវបានគេចោទប្រកាន់ថាជាឪពុកម្តាយបង្ខិតបង្ខំកូន។ ប៉ុន្ដែយ៉ាងម៉េចទៅវិញប្រសិនបើក្មេងមានអំណោយទានពីធម្មជាតិ?

Natalie Morgan បានប្រាប់ទៅកម្មវិធី Victoria Derbyshire របស់ទូរទស្សន៍ BBC ថា "ជាការពិត វាចាប់ផ្ដើមពីអាយុ ៨ ខែ ដែលយើងបានដឹងថាតើនាងឆ្លាតវៃយ៉ាងណា"។

Ophelia បាននិយាយពាក្យដំបូងរបស់នាង គឺ hiya ពេលនាងទើបតែមានអាយុប៉ុន្មានខែ ខុសពីក្មេងធម្មតា។

Morgan បន្តថា "ចាប់ពីពេលនោះមក នាងចាប់ផ្ដើមនិយាយពាក្យពណ៌ អក្សរ លេខ ដែលលឿនបំផុតបើប្រៀបធៀបទៅនឹងក្មេងដទៃទៀត"។

នៅត្រឹមអាយុ ២ ឆ្នាំកូនដំបូងរបស់ប្ដីប្រពន្ធនោះអាចចងចាំ និងសូត្រអក្ខរក្រមបានយ៉ាងច្បាស់។

ពួកគេដឹងថា នាងតូចមានអានុភាពលើសពីក្មេងធម្មតា ដោយចេះអានអក្សរនៅលើអ៊ីនធឺណេត ប៉ុន្តែទាល់តែឪពុកម្តាយនាំកូននេះទៅជួបក្មេងសិស្សសាលាទើបដឹងថានាងតូចនេះឆ្លាតកម្រិតណា។

គ្រានោះហើយដែលឪពុកម្តាយនេះបានសម្រេចចិត្តយក Ophelia ទៅវាយតម្លៃ ដោយនាំនាងទៅជួបជាមួយអ្នកចិត្តសាស្ត្រកុមារដែលមានជំនាញខាងពិនិត្យមើលក្មេងដែលមានអំណោយទានពីធម្មជាតិ។

នៅទីនោះ Ophelia បានធ្វើតេស្ត Stanford-Binet ដែលត្រូវបានប្រើដើម្បីវាយតម្លៃកុមារពីអាយុ ២ ឆ្នាំលើមុខវិជ្ជានានាដូចជាការយល់ដឹងពីទំហំ និងជំនាញពាក្យសំដី និងតក្កវិជ្ជា។

ពិន្ទុ IQ ជាមធ្យមសម្រាប់មនុស្សគ្រប់វ័យគឺទទួលបានពិន្ទុ ១០០ ហើយមនុស្សភាគច្រើនមានពិន្ទុ IQ ចាប់ពី ៨៥ ទៅ ១១៥។

ប៉ុន្ដែ Ophelia ទទួលបានពិន្ទុ IQ រហូតដល់ទៅ ១៧១ ឯណោះ ។

លោកស្រី Lyn Kendall ជាអ្នកជំនាញខាងចិត្តសាស្រ្ត និងជាអ្នកពិគ្រោះយោបល់កូនក្មេងដែលមានអំណោយទានពីធម្មជាតិ British Mensa និយាយថា ក្មេងនេះពិសេស ពូកែចងចាំលឿន ហើយមានការចងចាំល្អ និងយកចិត្តទុកដាក់ចំពោះអ្វីដែលកំពុងកើតឡើងនៅជុំវិញពួកគេ។

ហើយក្មេងនេះឃ្លានរៀន ដែលធ្វើឱ្យឪពុកម្ដាយរបស់ពួកគេពិបាកមើលថែមែនទែន៕


 

adverise with khmeread