អច្ឆរិយៈពេកហើយ! អ្នកបើកម៉ូតូអ៊ុយក្រែនត្រូវឡានបុកមួយទំហឹងប៉ើងលើមេឃធ្លាក់ដល់ដី អាចងើបដើរទៅមើលមុខអ្នកបើកឡានបានទៀត

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបុរសម្នាក់ងើបដើរយ៉ាងហំហួន បន្ទាប់ពីបានប៉ើងឡើងទៅលើយ៉ាងខ្ពស់ដូចបក្សី និងធ្លាក់ផ្ទប់ទៅនឹងដីពេញទំហឹង ក្រោយគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូរបស់គាត់និងរថយន្តមួយគ្រឿង។

កាមេរ៉ាសុវត្ថិភាពបានផ្តិតឧបទ្ទវហេតុ ដែលកើតឡើងនៅក្នុងទីក្រុង Vynohradiv នៃតំបន់រដ្ឋបាល Zakarpattia Oblast ប្រទេសអ៊ុយក្រែនមួយនេះ បង្ហាញពីទិដ្ឋភាពរបស់បុរសដោះអាវ២រូបកំពុងជិះឌុបគ្នានៅលើម៉ូតូមួយគ្រឿង បានបើកបំបុកពេញទំហឹងទៅនឹងរថយន្ត Mercedes មួយគ្រឿង។

យោងតាមវេបសាយ DailyMail បានឱ្យដឹងថា រថយន្តបង្កហេតុភ្លាមៗបានបត់ដោយមិនបើកភ្លើងស៊ីញ៉ូប្រាប់ជាមុន ដែលបណ្តាលឱ្យអ្នកជិះម៉ូតូទាំងពីររូបបើកបុករថយន្ត ហើយហោះទៅលើដំបូល។

បុរសដែលហោះឡើងទៅលើខ្ពស់ជាងគេស្ថិតក្នុងវីដេអូហាក់ដូចជាធ្លាក់ទៅលើដីដោយក្បាលទៅមុន ប៉ុន្តែគាត់អាចងើបមកវិញភ្លាមៗ បន្ទាប់ពីធ្លាក់ទៅដល់ដី។

ហើយប៉ុន្មានវិនាទីបន្ទាប់ពីងើបមកវិញ បុរសរូបនេះបានដើរត្របាញ់យ៉ាងមាំតម្រង់ទៅរថយន្តបង្កហេតុដើម្បីប្រឈមមុខជាមួយនឹងតៃកុងឡាន។

ចំណែកមិត្តរបស់គាត់ម្នាក់ទៀតត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលជើងរបស់គាត់បានទទួលរងរបួសធ្ងន់ធ្ងរ៕


 

adverise with khmeread