គំនិតថោកមែន! យកឈ្មោះជាគ្រូមន្តអាគម ចាប់ក្មេងស្រីអាយុ ១៣ ឆ្នាំបង្ខាំងក្នុងរូងភ្នំទុករំលោភអស់ ១៥ ឆ្នាំ ទើបប៉ូលិសឥណ្ឌូនេស៊ីស៊ើបដឹង

មន្រ្តីប៉ូលិសនៅកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ពួកគេបានរំដោះស្រ្តីវ័យ​ ២៨ឆ្នាំមួយរូប ដែលត្រូវបានចាប់បង្ខាំងទុកនៅក្នុងរូងភ្នំមួយកន្លែងអស់រយៈពេល ១៥ឆ្នាំ ដោយគ្រូមន្តអាគមក្នុងភូមិមួយរូប។

គ្រូអាគមវ័យ ៨៣ឆ្នាំរូបនេះ ត្រូវបានគេចោទប្រកាន់ថាបាន ចាប់ជំរិតស្រ្តីរងគ្រោះ ពេលដែលនាងមានវ័យ ១៣ឆ្នាំ និងបានបញ្ចុះបញ្ចូលឱ្យនាងជឿជាក់ថា នាងមានព្រលឹងព្រាយបិសាចសណ្ឋិត។

គ្រូអាគមចំណាស់រូបនេះបាននាំស្រ្តីរងគ្រោះត្រឡប់ទៅផ្ទះរបស់ខ្លួននាពេលយប់ ជាកន្លែងដែលគាត់ចាប់រំលោភផ្លូវភេទទៅលើនាងអស់រយៈពេលលើសពីមួយទសវត្សរ៍។

លោកតាម្នាក់នេះត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងច្បាប់ការពារកុមារ។

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកតាល្មោភកាម ដែលមានឈ្មោះថា Jago រូបនេះ ត្រូវបានគេស្គាល់ថាជាគ្រូពេទ្យបុរាណ និងសម្រាប់ការសម្តែងមន្តអាគមផ្លូវងងឹត។

ប៉ូលិសបាននិយាយថានៅឆ្នាំ២០០៣ ក្មេងស្រីរងគ្រោះស្ថិតក្នុងវ័យ ១៣ឆ្នាំ ត្រូវបាននាំទៅកាន់គ្រូអាគមរូបនេះព្យាបាលដោយក្រុមគ្រួសាររបស់នាង ហើយបានអនុញ្ញាតិឱ្យរស់ជាមួយគាត់។

ក្រោយមកនៅឆ្នាំដដែលនោះនាងបានបាត់ខ្លួន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គ្រូអាគមរូបនេះបានប្រាប់ក្រុមគ្រួសាររបស់នាងថា នាងបានចាកចេញទៅទីក្រុងហ្សាការតាដើម្បីស្វែងរកការងារនៅទីនោះ។

សាច់ញាតិបានព្យាយាមស្វែងរកនាងអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅទីបំផុតនាងត្រូវបានគេប្រកាសថាបានបាត់ខ្លួន។

 
ប៉ូលិសបានធ្វើដំណើរទៅកាន់ភូមិមួយឈ្មោះ Galumpang ស្ថិតនៅភូមិភាគកណ្តាលនៃកោះ Sulawesi កាលពីថ្ងៃអាទិត្យដើមខែនេះ ហើយបានរកឃើញស្ត្រីរងគ្រោះនៅក្នុងបន្ទប់តូចមួយនៅពីក្រោយផ្ទាំងថ្មមួយកន្លែង៕
 

adverise with khmeread